រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី៖ គិតត្រឹមខែមករា ២០២៤ ក្រសួងបានចេញបណ្ណកម្មសិទ្ធិដីធ្លីប្រមាណជាង ៧លានបណ្ណ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យប្រតិភូទីប្រឹក្សាដោះស្រាយវិវាទ ហៅកាត់ថា CAO ចូលជួបពិភាក្សាការងារ និងឈ្វេងយល់ពីការចុះបញ្ជីដីធ្លីនៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការងារចុះបញ្ជីដីធ្លី និងការចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋឱ្យបានលឿន សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គិតត្រឹមខែមករា ឆ្នាំ២០២៤ ក្រសួងបានចេញបណ្ណកម្មសិទ្ធិដីធ្លីប្រមាណជាង ៧លានបណ្ណ។ កម្ពុជានៅសល់ប្រមាណជា ៥លានក្បាលដីទៀត ដែលត្រូវចុះបញ្ជីឱ្យចប់ជាស្ថាពរនៅអំឡុង ២ឆ្នាំខាងមុខនេះ។ ការចុះបញ្ជីដីធ្លីបញ្ចប់ទូទាំងប្រទេស គឺធ្វើឡើងដោយមិនបែងចែកចំពោះប្រជាពលរដ្ឋទូទៅ ឬជនជាតិដើមភាគតិចនោះទេ ៕