ក្រសួងព័ត៌មាន ព្រមានលុបអាជ្ញាប័ណ្ណគេហទំព័រចំនួន៣ ប្រសិនបើបន្តផ្សព្វផ្សាយព័ត៌មាន មិនច្បាស់លាស់ ខុសក្រមសីលធម៌វិជ្ជាជីវៈ
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានព្រមានលុបអាជ្ញាប័ណ្ណគេហទំព័រចំនួន៣ ប្រសិនបើបន្តផ្សព្វផ្សាយរាល់ការផ្សព្វផ្សាយព័ត៌មាន ដោយមិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព ខុសក្រមសីលធម៌វិជ្ជាជីវៈ ដែលនាំឱ្យសាធារណមតិមានការយល់ច្រឡំ។
តាមរយៈលិខិតរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ម្ចាស់គេហទំព័រទាំង៣នេះរួមមាន៖
ទី១៖ លោក ឆុំ ដានី ម្ចាស់គេហទំព័រឈ្មោះ www.kangmeasnews.com
ទី២៖ លោក ពឿន ប៊ុនធឿន ម្ចាស់គេហទំព័រឈ្មោះ www.intriplus.news
និងទី៣៖ លោក លុយ សារ៉ែន ម្ចាស់គេហទំព័រឈ្មោះ www.fbrtvhotnews.com
ក្រសួងព័ត៌មាន បានបញ្ជាក់ថា យោងតាមរបាយការណ៍ស្តីពីការសាកសួរលើវិវាទចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ហើយកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានដំណើរការសាកសួរលើករណីការចុះផ្សាយអត្ថបទព័ត៌មានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នសាធារណៈ។
ក្រោយពីបានស្ដាប់ការបំភ្លឺរបស់លោកចាងហ្វាង ព្រមទាំងបានពិនិត្យ ស្រាវជ្រាវ និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់ឃើញថាការផ្សាយរបស់អង្គភាពទាំងបីខាងលើគ្មានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព អនុវត្តតួនាទីលើសពីអ្នកសារព័ត៌មានដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ នាំឱ្យសាធារណមតិមាន ការយល់ច្រឡំ។
ក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ៗថា «ក្រសួងសូមព្រមានជាលើកចុងក្រោយឱ្យអង្គភាពសារព័ត៌មានទាំង៣ខាងលើនេះ គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ និងបញ្ឈប់នូវរាល់ការផ្សព្វផ្សាយព័ត៌មាន ដោយមិនមានមូលដ្ឋានច្បាស់លាស់ មិនមានតុល្យភាព នាំឱ្យសាធារណមតិមានការយល់ច្រឡំ។ ក្នុងករណីមិនអនុវត្តតាមការព្រមាននេះក្រសួងនឹងលុបប្រកាសអនុញ្ញាតធ្វើអាជីកម្ម និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន និងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»៕