សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាឲ្យប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Maekyung Media Group និងប្រតិភូក្រុមហ៊ុនចំនួន៤ទៀត ចូលជួបពិភាក្សាការងារ ។
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាឲ្យ លោក Chang Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃក្រុមហ៊ុន Samsung Electronics ក្រុមហ៊ុន Booyoung ក្រុមហ៊ុន LS Group និងក្រុមហ៊ុន LX International ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់សាធារណរដ្ឋកូរ៉េ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។
ក្រុមហ៊ុន Maekyung Media Group គឺជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េដែលមានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយតាមរយៈកាសែត, ទូរទស្សន៍, ទស្សនាវដ្ដីប្រចាំសប្តាហ៍ និងប្រចាំខែ, និងកាសែតអេឡិចត្រូនិកផងដែរ។ ក្រុមហ៊ុននេះ នៅពុំទាន់មានសកម្មភាពវិនិយោគនៅប្រទេសកម្ពុជានៅឡើយ ។
កូរ៉េ គឺជាទីផ្សារធំមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដោយក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញផលិតផលទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA ក្នុងទំហំ ២៦,២១ លានដុល្លារអាមេរិក ដែលមានកំណើនរហូត ២០៤៨% បើធៀបទៅនឹងឆ្នាំ២០២២ ដែលមានទំហំត្រឹម ១,២២ លានដុល្លារអាមេរិក។ រីឯរយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៤នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA មានទំហំ ៨,៥៣ លានដុល្លារអាមេរិក ដែលមានកំណើនរហូតដល់ ២៨៦,៩% បើធៀបទៅនឹងរយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៣ ដែលមានទំហំ ២,២១ លានដុល្លារអាមេរិក ។