អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរក្រុងស្រុក ផ្សព្វផ្សាយកុំអោយប្រជាពលរដ្ឋលេងជះទឹក ប៉ាតម្សៅ ឬបាញ់កាំភ្លើងទឹក ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ
ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការហាមប្រាណទៅដល់បងប្អូនប្រជាពលរដ្ឋ សូមកុំលេងជះទឹក ប៉ាតម្សៅ ឬបាញ់កាំភ្លើងទឹកដាក់គ្នាទៅវិញទៅមក នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ព្រោះវាមិនមែនជាទំនៀមទំន្លាប់របស់ដូនតាខ្មែរយើងនោះទេ។
ថ្លែងនៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំទីចាត់ការផែនការ វិនិយោគខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍បន្តថា លោកអភិបាលក្រុងស្រុកនឹងជំនាញពាក់ព័ន្ធ សូមយកចិត្តទុកដាក់នឹងត្រូវចុះអប់រំផ្សព្វផ្សាយដល់បងប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងប្រារព្ធធ្វើឡើងខាងមុខនេះ សូមណែនាំដល់ពួកគាត់ហាមមិនមានការដាក់ជា កន្លែងកាក់ឬស្ទាក់ប្រជាពលរដ្ឋធ្វើដំណើរ ដើម្បីជះទឹក ប៉ាតម្សៅ លេងបាញ់ទឹក ឬកាំភ្លើងបាញ់ទឹក ដែលអាចនឹងបង្កបញ្ហាឬបង្កាជាគ្រោះថ្នាក់ផ្សងៗដល់អ្នកធ្វើដំណើរ។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា សកម្មភាពជះទឹក ប៉ាតម្សៅនេះ វាមិនមានជាទំនៀមទំន្លាប់របស់ដូនតាខ្មែរយើងលេងនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនោះឡើយ គឺយើងមានល្បែងប្រជាប្រិយ៍ខ្មែរយើងច្រើនណាស់សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋលេងកម្សាន្តយ៉ាងសប្បាយនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ឯកឧត្តម អ៊ូច ភា ក៏បានបញ្ជាក់បន្ថែមទៀតថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវតែបំផុសចលនានឹិងអប់រំផ្សព្វផ្សាយឱ្យបានទូលាំទូលាយ និងចៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូ បង្ហោះប្រដេញគ្នាលេងនៅតាមផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ជាយថាហេតុប៉ះពាល់ដល់ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរ ព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សានូវភាពថ្លៃថ្នូរ ស័ក្តិសមជាកុលបុត្រកុលធីតាខ្មែរ ៕