ក្រសួងមុខងារសាធារណៈ ប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមីនា និងធ្វើវឌ្ឍនភាពការងារឆ្ពោះទៅការរៀបចំសន្និបាត ក្រសួង
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមីនា និងទិសដៅការងារបន្ត។ទន្ទឹមនឹងនេះ កិច្ចប្រជុំនាព្រឹកនេះ បានយកឱកាសនៃការជួបជុំគ្នា ដើម្បីពិនិត្យវឌ្ឍនភាពការងារនៃការរៀបចំសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងមុខងារសាធារណៈ ជាច្រើនរូប នៅគណៈកម្មាធិការជាតិ កែទម្រង់រដ្ឋបាលសាធារណៈ(គ.ក.ស.) ក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល។
តាមរយៈកិច្ចប្រជុំប្រចាំខែនេះ ឯកឧត្តម ហាស់ ប៊ុនថ្ថន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមុខងារសាធារណៈ បានធ្វើរបាយការណ៍សង្ខេបនៃវឌ្ឍនភាពការងារប្រចាំខែមីនា និងវឌ្ឍនភាពការងារការរៀបចំសន្និបាតបូកសរុបការងាររបស់ក្រសួងមុខងារសាធារណៈ ជូនអង្គប្រជុំបានស្តាប់ជារបាយការណ៍។ ក្រោយការរាយការណ៍ កិច្ចប្រជុំទទួលបានបានចូលរួមមតិយោបល់យ៉ាងច្រើនពីសំណាក់ថ្នាក់ដឹកនាំជាច្រើនរូប ក្នុងន័យផ្តល់ជូនព័ត៌មានបន្ថែមលើវឌ្ឍនភាពការងាររួម និងលើកឡើងនូវរាល់បញ្ហាប្រឈមនានា ដើម្បីដោះស្រាយបញ្ហាជាមួយគ្នា ព្រមទាំងបានលើកនូវទិសដៅការងារបន្តឆ្ពោះទៅមុខរបស់ក្រសួងមុខងារសាធារណៈ។
បន្ទាប់ពីបានស្តាប់របាយកាណ៍ ក៏ដូចជាមតិយោបល់ចូលរួមពីអង្គប្រជុំរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងាររៀបចំរបាយការណ៍វឌ្ឍនភាពការងារ និងការផ្តល់មតិយោបល់ជាធាតុចូលរបស់អង្គប្រជុំ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រធានអង្គប្រជុំ បានលើកឡើងថា សមិទ្ធផលដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ បានសម្រេចបាននាពេលកន្លងមកនេះ គឺជាការពង្រឹងខឿន នៃការកសាងប្រព័ន្ធរដ្ឋបាលសាធារណៈ សម្រាប់ក្មេងជំនាន់ក្រោយ។
បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាននាំយកនូវអនុសាសន៍នានាដែល ជាការណែនាំ តម្រង់ទិសមកដល់ក្រសួងមុខងារសាធារណៈ ដើម្បីបន្តពង្រឹងការងារដឹកនាំ គ្រប់គ្រងវិស័យមុខងារសាធារណៈ ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការងារអាទិភាពដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ។
គួររំលឹកផងដែរថា កិច្ចប្រជុំប្រចាំខែ នេះគឺរបៀបរបបការងារដែលត្រូវបានកំណត់រៀងរាល់ចុងខែអនុលោមតាម ខ្លឹមសារដែលមានចែងក្នុងអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ៕