រដ្ឋសភា នឹងបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅថ្ងៃទី០១ មេសា ខាងមុខនេះ
ភ្នំពេញ៖ រដ្ឋសភា នឹងបើកសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីអនុម័តរបៀបវារៈសំខាន់ៗមួយចំនួន។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋសភា អំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅថ្ងៃព្រឹកមិញនេះ។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី០២ នីតិកាលទី៧ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ដោយមានរបៀបវារៈចំនួន០២រួមមាន៖ ទី១៖ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧។ ទី២៖ របាយការណ៍លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ មីនា ឆ្នាំ២០២៤។ រដ្ឋសភាបើកសម័យប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ ហើយសម័យប្រជុំនីមួយៗមានថេរវេលាយ៉ាងតិចបីខែ។ នៅក្នុងចន្លោះសម័យប្រជុំរដ្ឋសភានីមួយៗ រដ្ឋសភាបានបំពេញមុខងាររបស់ខ្លួន យ៉ាងសកម្ម រួមមាន មុខងារនីតិកម្ម «ការតាក់តែង និងអនុម័តច្បាប់» មុខងារតាមដានការអនុវត្តច្បាប់ និងគោលនយោបាយ និងមុខងារភាពជាតំណាងជូនប្រទេសជាតិនិងប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញនិងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។ រដ្ឋសភានីតិកាលទី៧ បានបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម និងស្វាហាប់ ក្នុងការបម្រើប្រជាពលរដ្ឋ ព្រមជាមួយនឹងការលើកកម្ពស់វិស័យ ការទូតសភា និងពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការរវាងសភានៃបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ មានជាអាទិ៍ ការបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ សម្តេចរដ្ឋសភាធិបតី និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសភូមិផង វៀតណាម ឡាវ និងចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ និងវៀតណាម (CLV Summit) និងថ្មីៗនេះ សម្តេចរដ្ឋសភាធិបតី បានដឹកនាំគណប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី នៅសាធារណរដ្ឋបារាំង ៕