រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ កំណត់អត្រាពន្ធប៉ាតង់សម្រាប់សកម្មភាពអាជីវកម្មនៅកម្ពុជា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយស្តីពីពន្ធប៉ាតង់ ក្នុងគោលបំណងកំណត់អត្រាពន្ធប៉ាតង់សម្រាប់សកម្មភាពអាជីវកម្ម ដែលអនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធដែលប្រកបអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។
តាមរយៈអនុក្រឹត្យនេះ អត្រាពន្ធប៉ាតង់ ត្រូវបានកំណត់ដូចខាងក្រោម៖
១៖ អ្នកជាប់ពន្ធតូច ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០,០០០រៀល។
២៖ អ្នកជាប់ពន្ធមធ្យម ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ១,២០០,០០០រៀល។
៣៖ អ្នកជាប់ពន្ធធំ ត្រូវបង់៖
ក. ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៣,០០០,០០០រៀល។
ខ. ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៥,០០០,០០០រៀល ក្នុងករណីដែលមានផលរបរលើសពី ១០,០០០លានរៀល។
៤៖ អ្នកជាប់ពន្ធដូចមានចែងក្នុងកថាខណ្ឌទី១ កថាខណ្ឌទី២ និងកថាខណ្ឌទី៣ នៃមាត្រានេះ ដែលចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល ៦ខែចុងឆ្នាំ ត្រូវបង់ពន្ធប៉ាតង់ចំនួនពាក់កណ្តាលនៃពន្ធប៉ាតង់ប្រចាំឆ្នាំ ៕