ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីកូរ៉េ ប្រមាណ១៨នាក់ ចុះមកពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់
ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីមជ្ឈមណ្ឌលភ្នែក B&VIIT នៃសាធារណៈរដ្ឋកូរ៉េ ប្រមាណជា១៨នាក់ ដឹកនាំដោយ លោកវេជ្ជ. LEE IN SIK នាយកប្រតិបត្តិមន្ទីរពេទ្យ GarngNam Eye ប្រទេសកូរ៉េ បានចុះមកពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ស្ថិតក្នុងភូមិសំពៅមាស សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងបុគ្គលិកសុខាភិបាល និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។
សម្រាប់បេសកកម្ម របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីមជ្ឈមណ្ឌលភ្នែក B&VIIT នៃសាធារណៈរដ្ឋកូរ៉េ ដែលចុះមកនាពេលនេះ គឺធ្វើឡើងបន្ទាប់ពី មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា «MOU» រវាងមជ្ឈមណ្ឌលភ្នែក B&VIIT និងសហគមន៍ដាអ៊ីល សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរគ្រប់ជ្រុងជ្រោយ ដោយទទួលបានប្រយោជន៍ និងជោគជ័យដល់គ្នាទៅវិញទៅមក ក្នុងកិច្ចសហការជម្រុញការរីកចម្រើនជឿនលឿន នៃការថែទាំផ្នែកវេជ្ជសាស្ត្រ រវាងមន្ទីរពេទ្យនៃប្រទេសទាំងពីរ ៕