ឯកឧត្តម ជា វុទ្ធី៖ ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា តាមរយៈកំណើនសេដ្ឋកិច្ចក្នុងអត្រាប្រមាណ ៥,៦% ក្នុងឆ្នាំ២០២៣ នឹងរំពឹងថានឹងកើនឡើងក្នុងរង្វង់ ៦,៦% ក្នុងឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានគូសបញ្ជាក់ អំពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជាតាមរយៈកំណើនសេដ្ឋកិច្ចក្នុងអត្រាប្រមាណ ៥,៦% ក្នុងឆ្នាំ២០២៣ នឹងរំពឹងថានឹងកើនឡើងក្នុងរង្វង់ ៦,៦% ក្នុងឆ្នាំ២០២៤ ដែលអត្រាកំណើនខ្ពស់នេះនឹងជួយឱ្យកម្ពុជារក្សាបាននូវជំហរដ៏រឹងមាំរបស់ខ្លួនលើគន្លងនៃការឈានទៅសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
នៅក្នុងវេទិកា Maekyung កម្ពុជា ក្រោមមូលបទ “ព្រះរាជាណាចក្រពោរពេញដោយកាលានុវត្តភាព៖ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តដើម្បីរុញច្រានកំណើនសម្រាប់អនាគត” នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ជា វុទ្ធី បានរំលេចអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមមគ្គទេសក៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការបន្តផ្តល់មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការវិនិយោគ គឺសុខសន្តិភាព, ស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ, ព្រមទាំងការបន្តខិតខំប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវកម្រងច្បាប់, គោលនយោបាយ, និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រមទាំងវិធានការគន្លឹះមុតស្រួចលើគ្រប់វិស័យ ដើម្បីធានាថាវិនិយោគិនអាចមកវិនិយោគប្រកបដោយសេចក្តីទុកចិត្ត។
គួរបញ្ជាក់ជូនផងដែរថា ប្រធានបទចំនួន ៣ ដែលបានជ្រើសរើសមកធ្វើបទឧទ្ទេសនាមជូនអង្គវេទិកានាឱកាសនោះរួមមាន៖
ទី១៖ បរិយាកាសវិនិយោគនៅកម្ពុជាដោយ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និង ឯកឧត្តម Allen Tan ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ទី២៖ ករណីសិក្សាស្តីពីភាពជោគជ័យនៃសហគ្រាសកូរ៉េនៅកម្ពុជា ដោយ ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម, វិទ្យាសាស្ត្រ, បច្ចេកវិទ្យា, និងនវានុវត្តន៍។
ទី៣៖ យុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកូរ៉េ-កម្ពុជា ដោយ ឯកឧត្តម ស៊ីម សុខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ឡឹក សុធា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឧកញ៉ា ភូ សេតុង នាយកប្រតិបត្តិ Anco Group, និង លោក Lee Sangyeop នាយកប្រតិបត្តិក្រុមហ៊ុន Barun (Cambodia) Accounting & Consulting Co., Ltd.។
សូមបញ្ជាក់ជូនថា វេទិកា Maekyung កម្ពុជា ត្រូវបានសហការរៀបចំឡើងដោយក្រុមហ៊ុន Maekyung Media Group, ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិយោគកូរ៉េ (KOTRA), និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងចែករំលែកព័ត៌មានអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ព្រមទាំងសក្ដានុពល និងកាលានុវត្តភាពវិនិយោគ និងធុរកិច្ចនៅកម្ពុជា ជាពិសេសការស្វែងរកកិច្ចសហការ និងភាពជាដៃគូរវាងវិស័យឯកជនកម្ពុជា-កូរ៉េ៕