ក្រសួងពាណិជ្ជកម្ម ប្រកាសហាមឃាត់ការប្រើប្រាស់ម៉ាក ដែលដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបកម្ពុជា ដោយគ្មានការអនុញ្ញាត
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសហាមឃាត់ការប្រើប្រាស់ម៉ាកដែលដូច និង/ឬត្រាប់តាម ឬមានចំណុចណាមួយ ដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា យោងតាមច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ មាត្រា ៤ ចែងថា ម៉ាកដែលមិនអាចចុះបញ្ជីបាន គឺជាម៉ាកដែលដូចគ្នា និង/ឬ ត្រាប់តាម ឬមានចំណុចណាមួយដូច សញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឈ្មោះ ឬឈ្មោះសង្ខេប ឬអក្សរកាត់នៃឈ្មោះ ឬសញ្ញា ឬត្រាជាផ្លូវការ ដែលអនុម័តដោយរដ្ឋណាមួយ អង្គការអន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋនោះ ឬអង្គការនោះ។
ក្រសួងបន្តថា ទន្ទឹមនឹងនេះ ព្រះរាជក្រឹត្យ លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកំណត់ប្រភេទសត្វ និង រុក្ខជាតិ សម្រាប់ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកសត្វគោព សត្វត្រយ៉ង អណ្ដើកសរសៃ (អណ្ដើកហ្លួង) ត្រីគល់រាំង ដើមត្នោត ផ្ការំដួល និងផ្លែចេកពងមាន់ និមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងពាណិជ្ជកម្ម សូមធ្វើការហាមឃាត់រាល់ការប្រើប្រាស់ម៉ាកណាមួយ ដែលដូច និង/ឬត្រាប់តាម ឬមានចំណុចណាមួយដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាត ហើយដែលធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ សីលធម៌ ឬទំនៀមទម្លាប់ប្រពៃណីល្អរបស់ជាតិ៕