រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងបញ្ឈប់ភ្លាមចំពោះគម្រោងអភិវឌ្ឍន៍ទាំងឡាយណា ដែលធ្វើឱ្យប្រជាជនកម្ពុជាស្រក់ទឹកភ្នែក
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យអង្គការអង្គការក្រុមអភិវឌ្ឍជនបទកម្ពុជា (The Cambodia Rural Development Team) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងលើកទឹកចិត្ត និងគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ទាំងឡាយណា ដែលបានផ្តល់ស្នាមញញឹមដល់ប្រជាជនក្រីក្រកម្ពុជា ហើយឯកឧត្តមនឹងបញ្ឈប់ភ្លាមចំពោះគម្រោងអភិវឌ្ឍន៍ទាំងឡាយណា ដែលធ្វើឱ្យប្រជាជនកម្ពុជាស្រក់ទឹកភ្នែក។
ការអនុវត្តរបស់ក្រសួងបរិស្ថាន គឺសមស្របតាមអាទិភាពគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានផ្តោតសំខាន់ទៅលើ មនុស្ស ជាទិភាពទី១ បន្ទាប់មកគឺផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ៕