អភិបាលខេត្តកំពង់ចាម អះអាងថា គ្រួសារក្រីក្រ និងងាយរងហានិភ័យជាង ៧ម៉ឺនគ្រួសារ ត្រូវបានរាជរដ្ឋាភិបាល ផ្តល់ជូនប័ណ្ណសមធម៌ ដេីម្បីគាំពារសុខភាព និងអត្ថប្រយោជន៍ជាច្រេីនទៀត
ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម បានអះអាងថា គ្រួសារក្រីក្រ និងងាយរងហានិភ័យ នៅទូទាំងខេត្តកំពង់ចាម ជាង ៧ម៉ឺនគ្រួសារ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូនប័ណ្ណសមធម៌ ដេីម្បីគាំពារសុខភាព និងទទួលបានអត្ថប្រយោជន៍ជាច្រេីនទៀត។
ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងបែបនេះក្នុងពិធីចែកបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់មន្ទីរផែនការ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអ្នកពាក់ព័ន្ធ ជាពិសេស រដ្ឋបាលឃុំ សង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងបន្តជំរុញការអនុវត្តកម្មវិធី អត្តសញ្ញាណកម្មគ្រួសារក្រីក្រ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ស្របតាមដែនសមត្ថកិច្ចរៀងៗខ្លួន ឱ្យទទួលបានលទ្ធផលតាមផែនការដែលបានគ្រោងទុក។ ក្រៅពីនោះ មន្ទីរផែនការត្រូវយកចិត្តទុកដាក់ដល់គ្រួសារដែលមានកុមារកំព្រា កុមារដែលត្រូវបានបោះបង់ចោល មនុស្សវ័យចាស់គ្មានទីពឹង ជនមានពិការភាព ជនអនាថា និងអ្នកញៀនគ្រឿងញៀន ធ្វើយ៉ាងណាធានាឲ្យគ្រួសារទាំងនោះទទួលបានបណ្ណសមធម៌ និងទទួលបានអត្ថប្រយោជន៍ពីការគាំពារសង្គមផងដែរ។
សង្កត់ធ្ងន់ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានស្នេីដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ត្រូវបន្តយកចិត្តទុកដាក់បង្កើនប្រសិទ្ធភាព និងគុណភាពសេវាសុខាភិបាលដោយមិនបង់ថ្លៃ នៅតាមមន្ទីពេទ្យរដ្ឋ ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ដូចជា៖ ជនមានពិការភាព ក្មេងកំព្រា និងជនចាស់ជរាគ្មានទីពឹង ព្រមទាំងក្រុមប្រជាពលរដ្ឋជាគោលដៅផ្សេងៗទៀត តាមរយៈកម្មវិធីមូលនិធិសមធម៌ កម្មវិធីសុខាភិបាល និងសេវាពិនិត្យថែទាំផ្ទៃពោះមុន និងក្រោយសម្រាល ការសម្រាលកូនមានសុវត្ថិភាព និងការចាក់វ៉ាក់សាំងបង្ការជំងឺ និងអាហាររូបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ។
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសគ្រួសារដែលកាន់បណ្ណ សមធម៌ និងបណ្ណងាយរងហានិភ័យ សូមទៅទទួលយកសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ដោយពុំមានបង់ថ្លៃសេវាព្យាបាលឡើយ ៕