មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ដឹកនាំក្រុមការងារចំពោះកិច្ច ដើម្បីពង្រឹងកិច្ចការទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារចំពោះកិច្ច ដើម្បីពង្រឹងកិច្ចការទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ និងមានការចូលរួមពីលោកប្រធានការិយាល័យដែនជម្រកសត្វព្រៃ បានពិនិត្យការងារ សំណេះសំណាល និងជម្រាបជូនពីផលប្រយោជន៍នៃព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ដែលតំបន់នេះជាធុងអាគុយមួយសម្រាប់បង្កើតថាមពល និងជួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ជូនដល់ក្រុមការងារអនុគណៈកម្មការទី៣ និងទី១០ នូវវិធានការទប់ស្កាត់ លុបបំបាត់ និងបង្រ្កាបការកាប់គាស់ រុករានឆ្ការដុត ឬឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ ដូចខាងក្រោម៖
– សមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវបន្តអនុវត្តច្បាប់១០០% ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ឈប់វប្បធម៌ចុះកិច្ចសន្យាដោះលែងអ្នកប្រព្រឹត្តបទល្មើស
– សមត្ថកិច្ចពាក់ព័ន្ធត្រូវមោឃភាព និងបញ្ឈប់ជាបន្ទាន់ការចុះហត្ថលេខាលើលិខិត ឬឯកសារស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ
– បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬ រុរករាន ឬ ឆ្ការដុត ឬ ឈូសឆាយដីព្រៃ ដើម្បីធ្វើជាកម្មសិទ្ធិគឺជាបទល្មើសធនធានធម្មជាតិ
– ក្រសួង/មន្ទីរបរិស្ថានសហការជាមួយអាជ្ញាធរមូលដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីទប់ស្កាត់បទល្មើស
– ជំរុញការដាំស្តារដើមឈើឡើងវិញដើម្បីពង្រីកគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមរដ្ឋមន្រ្តី រួមមាន ទឹកសុទ្ធ៦០យួរ ទឹកក្រូច៥កេះ ទឹកត្រី២០យួរ ទឹកស៊ីអ៉ីវ ២០យួរ ជូនអនុគណៈកម្មការទី៣ ដែលមានទីតាំងឈរជើងស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាបស្រុកវាលវែង និងអនុគណៈកម្មការទី១០ ដែលមានទីតាំងឈរជើងនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រុមការងារ បានជួបប្រជាពលរដ្ឋ និងបានសួរនាំអំពីជីវភាពរស់នៅ មុខរបរប្រចាំថ្ងៃ ព្រមទាំងបានណែនាំដល់ពួកគាត់ កុំចូលទៅកាប់រានទន្ទ្រានដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិ៕