ដំណើរបំពេញបេសកកម្ម របស់សម្តេចតេជោ ហ៊ុន សែន នៅចិនរយៈពេល ៣ថ្ងៃ បានបញ្ចប់ដោយជោគជ័យ ជាមួយលទ្ធផលយ៉ាងត្រចះត្រចង់ជូនជាតិ និងប្រជាជន
ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាបូអាវ នៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់លោក លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី។
សន្និសីទប្រចាំឆ្នាំ នៃវេទិកាបូអាវ រៀបចំឡើងចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន ប្រទេសចិន។ អញ្ជើញអមដំណើរសម្ដេចតេជោ រួមមាន ឯកឧត្តម ប្រាក់ សុខុន សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ , ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា , លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម , ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។
សម្តេចតេជោ បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទក្រោមមូលបទ «អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»។ វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានា ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗដែលកំពុងប្រឈម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ស្របពេលអញ្ជើញចូលរួមវេទិកាខាងលើ សម្តេចតេជោ ក៏មានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន រួមមាន លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និង នាយឧត្ដមសេនីយ៍ ហឺ វ័យ ទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២ នៃគណៈកម្មាធិការយោធាមជ្ឈឹមបក្ស និងលោក ហ្វឹង ហ្វី លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានអញ្ជើញបំពេញ ទស្សនកិច្ចនៅបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន (CATAS) និងទីក្រុងអវកាសអន្តរជាតិ វិនឆាង ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើការអភិវឌ្ឍវិស័យកសិកម្ម និង បច្ចេកវិទ្យា។
សូមបញ្ជាក់ថា វេទិកាបូអាវសម្រាប់អាស៊ី (BFA) គឺជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ ដែលមិនស្វែងរកប្រាក់ចំណេញ។ បូអាវ បានក្លាយជាវេទិកាលំដាប់ខ្ពស់មួយសម្រាប់កិច្ចសន្ទនាគ្នា ក្នុងចំណោមថ្នាក់ដឹកនាំរដ្ឋាភិបាលកម្រិតជាតិ ក្នុងរង្វង់ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម និងធុរកិច្ច រួមទាំងបញ្ញាវន្តនៃបណ្តាប្រទេសនៅទ្វីបអាស៊ី និងទ្វីបដទៃទៀត ដែលធ្វើការសន្ទនាគ្នាអំពីបញ្ហាសំខាន់ៗ ក្នុងតំបន់អាស៊ី និងពិភពលោកទាំងមូល។ វេទិកាបូអាវសម្រាប់អាស៊ី មានគោលដៅលើកកម្ពស់ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការដោះដូរ សេដ្ឋកិច្ច កិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ នៅក្នុងតំបន់អាស៊ី និងរវាងអាស៊ី និងតំបន់ផ្សេងទៀតនៅជុំវិញពិភពលោក៕
ខាងក្រោមនេះជាអត្ថបទសំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាបូអាវ នៅសាធារណរដ្ឋប្រជាមានិតចិន៖
១.សម្ដេចតេជោ ហ៊ុន សែន បារម្ភលើទិដ្ឋភាពភូមិសាស្រ្ដនយោបាយសាកល ខណៈមហាអំណាចលើពិភពលោក ប្រើរបៀបវារៈនយោបាយ លើរបៀបវារៈសេដ្ឋកិច្ចសាកល
https://www.hotnews-asia.com/detail/290895
២.ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា ចាត់ទុកសកម្មភាពយ៉ាងសកម្មរបស់ចិន ក្នុងការស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន ជាគំរូដ៏ត្រឹមត្រូវសម្រាប់តួអង្គផ្សេងទៀត
https://www.hotnews-asia.com/detail/290900
៣.សម្តេចតេជោ៖ ការទទួលខុសត្រូវរួមរបស់យើងទាំងអស់គា្ននៅតំបន់អាស៊ី គឺការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់
https://www.hotnews-asia.com/detail/290997
៤.សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
https://www.hotnews-asia.com/detail/291054
៥.សម្តេចតេជោ ហ៊ុន សែន ស្នើដល់រដ្ឋាភិបាលចិនគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងជួយផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋ និងជាតិកម្ពុជា
https://www.hotnews-asia.com/detail/291233
៦.លេខាធិការបក្សកុម្មុយនីស្តចិន៖ សម្តេចតេជោ ហ៊ុន សែន ជាមិត្តចាស់ ជាមិត្តល្អជាងគេ ដែលបានអញ្ជើញមកកាន់ខេត្តហៃណានច្រើនលើកច្រើនសារ
https://www.hotnews-asia.com/detail/291332
៧.ក្រុមហ៊ុនចិន ស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយជំរុញមិត្តចិនទំលាក់ថវិការដើម្បីសាងសង កំណាត់ផ្លូវតភ្ជាប់ពីកំពត-វាលរិញ និងផ្លូវ៥០សេ
https://www.hotnews-asia.com/detail/291341