ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលព្រឹទ្ធាចារ្យ សាស្ត្រាចារ្យមរតកនៃធនធានសិល្បៈ វប្បធម៌ អរិយធម៌ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណ ដល់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការីនី ដែលបានចូលរួមយ៉ាងសកម្មជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាចូលរួមក្នុងវិស័យវប្បធម៌ សិល្បៈសម្រាប់កម្ពុជា ជារួមសរុបប្រមាណ១០០រូប នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។
ក្រោមបរិយាកាសប្រកបដោយភាពរីករាយ និងស្នាមញញឹម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ដែលបានលះបង់នូវកម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មក្នុងកម្មវិធីវប្បធម៌ និងព្រឹត្តិការណ៍នានាជាច្រើនទៀត ក្នុងគោលដៅរួមគ្នាលើកស្ទួយវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថា កន្លងមកលោកគ្រូ អ្នកគ្រូ បានរួមចំណែកយ៉ាងសកម្មជាមួយ ស.ស.យ.ក. តាមរយៈព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជា ការចាប់ផ្ដើមនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ការអបអរសាទរខួប ស.ស.យ.ក. ជាពិសេស បាននាំយកភាពអស្ចារ្យរនៃវប្បធម៌របស់កម្ពុជាទៅបង្ហាញនៅលើឆាកអន្តរជាតិ ព្រមទាំងដើរតួយ៉ាងសំខាន់ ក្នុងការស្រាវជ្រាវ និងចងក្រងឯកសាររបាំបុរាណខ្មែរ ដើម្បីរក្សាទុកឲ្យកូនចៅជំនាន់ក្រោយ។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានលើកឡើងថា ការចូលរួមចំណែករបស់ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ទាំងអស់ ពិតជាបានឆ្លុះបញ្ចាំងពីការគិតគូរ ថែរក្សា ការពារ អភិរក្ស អភិវឌ្ឍន៍ និងផ្សព្វផ្សាយ នូវសិល្បៈវប្បធម៌ ដ៏ល្អ
ផូរផង់ រស់រវើក និងសម្បូរបែបរបស់បុព្វបុរសខ្មែរជំនាន់មុន។
តាមរយៈវប្បធម៌ទាំងរូបិយ និងអរូបិយ គឺសុទ្ធសឹងតែជាចំណែកនៃការផ្សារភ្ជាប់កូនខ្មែរគ្រប់ជំនាន់ទៅដូនតារបស់កម្ពុជា ជាពិសេសដួងប្រលឹងរបស់ដូនតាខ្មែរហើយតាមរយៈលោកគ្រូ អ្នកគ្រូ បានផ្ដល់ឱកាសដល់យុវជនជំនាន់ក្រោយអាចស្វែងយល់ និងហាត់រៀនបន្តទៅថ្ងៃអនាគត ប្រសិនបើមិនមានវត្តមានរបស់លោកគ្រូ អ្នកគ្រូ អ្នកថែររក្សា និងបន្តនោះទេអ្នកជំនាន់ក្រោយនឹងបន្តបាត់បង់។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជូនពរដល់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការីនី ទាំងអស់ឱ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល ជោគជ័យគ្រប់ភារកិច្ច និងនាំយកការផ្ដាំផ្ញើការសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកត្តិ ព្រមទាំងសារជូនពរពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ៕