ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា អញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ ដែលរងរបួសដោយសាររថភ្លើងបុកជាមួយរថយន្តក្រុង នៅខេត្ដពោធិ៍សាត់
ភ្នំពេញ៖ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យនិងសួរសុខទុកស្ថានភាពជំងឺរបស់ជនរងគ្រោះដោយសារ រថភ្លើងបុកជាមួយរថយន្តក្រុង នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ កាលពីម្សិលមិញនេះ។
ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខជនរងគ្រោះខាងលើនេះ នៅមន្ទីរពេទ្យបង្អែកខេត្ដពោធិ៍សាត់ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា បានពាំនាំប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្ដីបារម្ដយ៉ាងពន់ពេកពីស្ថានភាពនៃការរងគ្រោះថ្នាក់របស់បងប្អូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងការចុះសួរសុខទុក្ខនេះ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានផ្ដល់នូវថវិកាមួយចំនួនជូនដល់អ្នកជំងឺដែលរងគ្រោះក្នុងករណីខាងលើនេះ និងអ្នកជំងឺផ្សេងទៀត ដែលសម្រាកនៅបន្ទប់ជាមួយគ្នានេះផងដែរ។
គួររម្លឹកថា ករណីរថភ្លើង បុករថយន្ដក្រុង នៅវេលាម៉ោងជាង ១១ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវចូលរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបណ្ដាលឲ្យមនុស្ស៤៦នាក់រងរបួសធ្ងន់ស្រាល ក្នុងនោះក៏មានតៃកុងរថភ្លើងម្នាក់ផងដែរ ចំពោះតៃកុងរថយន្តក្រុង បានរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនរងគ្រោះចំនួន ១៨នាក់ (រងរបួសធ្ងន់ ៥នាក់ និងរងរបួសស្រាល ១៣នាក់) បាននឹងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។ ដោយឡែកជនរងគ្រោះ ដែលរងរបួសស្រាល២៨នាក់ផ្សេងទៀត បាននឹងកំពុងសង្គ្រោះ និងព្យាបាលបឋម នៅមន្ទីរពេទ្យបង្អែកក្រគរ និងមណ្ឌលសុខភាពឈើតុំ។
បន្ទាប់ពីទទួលបានដំណឹងនៃគ្រោះថ្នាក់ខាងលើនេះភ្លាម ទោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ដ្រី ជាប់បេសកកម្មតាមខេត្ដ និងកំពុងធ្វើដំណើរតាមផ្លូវក៏ដោយ ក៏ឯកឧត្តមបានតាមដានពីស្ថានភាពនៃគ្រោះថ្នាក់នេះជាប់ជានិច្ច ដោយបានចាត់ឱ្យក្រុមការងារត្រៀមជួយសង្គ្រោះជនរងគ្រោះយ៉ាងយកចិត្ដទុកដាក់ ២៤ម៉ោង លើ២៤ម៉ោង និងរាយការណ៍លម្អិតពីស្ថានភាពនៃជំងឺរបស់ជនរងគ្រោះ ដើម្បីស្វែងដល់ពីអ្វីដែលត្រូវបន្ដជួយជាបន្ដបន្ទាប់ ក្នុងការធានានូវសុវត្ថិភាពរបស់ពលរដ្ឋដែលរងគ្រោះថ្នាក់ទាំងនេះ ៕