សម្ដេចធិបតី ណែនាំដល់រដ្ឋបាលរាជធានីខេត្តបន្តប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មី ក្នុងឆ្នាំនេះឱ្យកាន់តែធំថែមទៀត
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានណែនាំដល់រដ្ឋបាលរាជធានីខេត្តបន្តប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មី ក្នុងឆ្នាំនេះឱ្យកាន់តែធំថែមទៀត។
សម្តេចធិបតី បានណែនាំបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពាក់ព័ន្ធករណីពលរដ្ឋព្រួយបារម្ភរឿង «សង្ក្រាន្ត» នៅកម្ពុជា គឺកុំបារម្ភ រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗរហូតដល់អាណត្តិនេះ មានការយកចិត្តទុកដាក់ខ្ពស់ណាស់ចំពោះបញ្ហាវប្បធម៌ប្រពៃណីខ្មែរនេះ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងវប្បធម៌ និងភាគីពាក់ព័ន្ធរៀបចំដាក់បញ្ជូល «សង្រ្កាន្ត» និងក្រមាខ្មែរ ទៅក្នុងសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ខ្មែរនៅអង្គការយូណេស្កូ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរកុំមានការបារម្ភលើរឿងនេះ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា សូមបងប្អូនប្រជាពលរដ្ឋប្រើចុះនូវពិធីសង្ក្រាន្តឆ្នាំថ្មីនេះ គឺមិនខុសទេ ហើយគ្មានអ្នកណាយករបស់ខ្មែរនោះទេ ដូច្នេះបងប្អូនប្រជាពលរដ្ឋអញ្ជើញធ្វើពិធីសង្ក្រាន្តនេះនៅទូទាំងរាជធានីខេត្ត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋបើកបរដោយគោរពច្បាប់ ហើយប្រកាសផ្ដល់រង្វាន់ដល់អភិបាលខេត្ត ដែលអាចរក្សាបានមិនឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍រហូតដល់មានមនុស្សស្លាប់នៅតាមបណ្ដារាជធានីខេត្តទាំងនោះ ៕