សម្តេចធិបតី៖ បច្ចុប្បន្នព្រះពុទ្ធសាសនា បាននិងកំពុងអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមដំបូលសុខសន្តិភាព
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធឆ្លងព្រះបទុមចេតីយ វត្តមណីរតនារាម ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ព្រះពុទ្ធសាសនា បានចាក់ឫសយ៉ាងជ្រៅទៅក្នុងសង្គមខ្មែរ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា បន្ទាប់ពីព្រះពុទ្ធសាសនាត្រូវបានអាប់ឱនដោយសារសង្រ្គាម និងត្រូវបានបំផ្លាញដោយសាររបបប្រល័យពូជសាសន៍ប៉ុលពត បច្ចុប្បន្ននេះព្រះពុទ្ធសាសបាននិងកំពុងអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្រោមដំបូលសុខសន្តិភាព ជាមួយនឹងការបើកចំហសេរីភាពបដិបត្តិជំនឿសាសនា ដែលជាមូលដ្ឋាននៃសុខដុមនីយកម្មសាសនានៅកម្ពុជា។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានរំលឹកថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយចារិកជាបាវចនារបស់ប្រទេសជាតិគឺ “ជាតិ សាសនា ព្រះមហាក្សត្រ”។
នេះគឺបានញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្នក៏ដូចជាទៅអនាគត រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តដោយខ្ជាប់ខ្ជួនក្នុងការគោរពសេរីភាពខាងជំនឿ ការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រការប្រណិប័តន៍សាសនាផ្សេងៗទៀត និងខិតខំធ្វើឲ្យវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជាមជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម ៕