ប្រមុខរាជរដ្ឋាភិបាល លើកទឹកចិត្តឱ្យរួមគ្នារៀបចំលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនក្នុងពិធីបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យរួមគ្នារៀបចំលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនក្នុងពិធីបុណ្យចូលឆ្នាំថ្មី ហើយផ្តល់រង្វាន់សម្រាប់ខេត្តណា ដែលមិនមានគ្រោះថ្នាក់ចរាចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលនឹងប្រារព្ធនៅថ្ងៃទីយោងតាមប្រតិទិនឈប់សម្រាកចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក នឹងប្រព្រឹត្តិទៅពីថ្ងៃទី១៣ រហូតដល់១៦ ខែមេសា ឆ្នាំ២០២៤ ដែលមាន៤ថ្ងៃ ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃអង្គារ៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅវត្តមណីរតនារាម ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្ឃឹមថានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុននេះ ប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួមលេងកម្សាន្តសប្បាយរីករាយទាំងអស់គ្នា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ខណៈដែលមានអភិបាលរាជធានី-ខេត្ត ក្រុ ស្រុក បានរៀបចំទីទាំងសម្រាប់រៀបចំកម្មវិធីសកម្សាន្តសប្បាយនៅតាមគោលដៅរបស់ខ្លួនបណ្តើរៗផងដែរ។ ខណៈទីវត្តអារាម ក៏បានរៀបចំកម្មវិធីតាមបែបសាសនា ជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សូមរៀបចំល្បែងប្រពៃណីឱ្យបានច្រើន បង្កលក្ខណៈ រៀបចំទីកន្លែង រៀបចំសម្ភារៈ ឧបករណ៍អង្គុញ ចោលឈូង ខ្ញុំឃើញនៅភ្នំពេញ និងខេត្តមួយចំនួនរៀបចំចោលឈូង រុញឱ្យបានច្រើន ហើយប្រជាពលរដ្ឋយើង ហើយជាពិសេសក្មេងៗគឺចូលរួមលេងឱ្យបានច្រើនទាញព្រ័ត្រ ប្រពៃណី វប្បធម៌របស់យើង។ ជួយជំរុញលេងល្បែងប្រពៃណីយើងឱ្យបានច្រើន ច្នៃប្រឌិតទាំងនៅក្នុង និងនៅក្រៅ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ បានឃើញស្ថានទូតកម្ពុជា ប្រចាំប្រទេសឡាវ បានរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយ៍ខ្មែរ ព្រមទាំងបានអញ្ជើញសិក្ខាកាម និងប្រជាពលរដ្ឋខ្មែររស់នៅប្រទេសឡាវ មកជួបជុំគ្នាលេងកម្សាន្ត ដើម្បីបង្កបរិយាកាសរីករាយផងដែរ។
ជាមួយគ្នានេះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំដល់យុវជនដែលចូលរួមលេងកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមចូលរួមលេងកម្សាន្តដោយការទទួលខុសត្រូវ សូមកុំលេងអ្វី ឬធ្វើសកម្មភាពអ្វីដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ហើយជាពិសេសការផឹកគ្រឿងស្រវឹងបើកបរ។
សម្តេចធិបតី បានលើកឡើងថា បើសិនសង្ក្រាន្តឆ្នាំនេះអត់មានគ្រោះថ្នាក់ចរាចរណ៍ គឺជាការណ៍ល្អបំផុត ហើយបើខេត្តមួយៗដាក់មើលយកសុចនាករ ក្នុងសង្ក្រាន្តនេះ គ្រោះថ្នាក់ចរាចរណ៍តិចជាងគេបំផុត ជាការប្រកួតប្រជែងក៏ល្អដែរ។ ហើយបើខេត្តណាអត់មានគ្រោះថ្នាក់ចរាចរ គឺមានរង្វាន់ពីនាយករដ្ឋមន្ត្រីទៀត រង្វាន់អីខ្ញុំអត់ប្រាប់ទេ ទុកឱ្យឆ្ងល់។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់យុវជនសូមកុំលេងអ្វី ដែលនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ត្រូវចេះគោរពគ្នាដូចបង ប្អូន ស្រឡាញ់គ្នា កុំបៀតបៀនគ្នា និងត្រូវមានការអត់ធ្មត់ និងយោគយល់គ្នាឱ្យបានខ្ពស់ពេលប៉ះពារគ្នាពេលលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ៕