កុកតែងតែភ្លេចជុង តែជុងមិនដែលភ្លេចកុក! ឃាត់ខ្លួនជនជាតិវៀតណាម ០៤នាក់ រឹបអូសថ្នាំញៀនជាង ៣គីឡូក្រាម និងសារធាតុគីមីផ្សំជិត ១០គីឡូក្រាម
ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគឿងញៀន បានបង្រ្កាបករណីកែច្នៃ រក្សាទុក និងជួញដូរសារធាតុញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន ៤នាក់ រឹបអូសថ្នាំញៀនជាង៣គីឡូក្រាម និងសារធាតុគីមីផ្សំជិត ១០គីឡូក្រាម។
ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច, ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។
មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២២៖៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបនៅចំណុច តាមបណ្តោយផ្លូវ៤៣២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លទ្ធផលកម្លាំងជំនាញ ចាប់ខ្លួនជនល្មើស៤នាក់៖ ១.ឈ្មោះ ង្វៀង កាវយូយ ភេទប្រុស ជនជាតិវៀតណាម ឆ្នាំកំណើត១៩៩៦
២.ឈ្មោះ ង្វៀង ម៉ាយសុងហៀន ភេទប្រុស ជនជាតិវៀតណាម ឆ្នាំកំណើត២០០២
៣.ឈ្មោះ ង្វៀង ហ៊យយី ភេទប្រុស ជនជាតិវៀតណាម ឆ្នាំកំណើត១៩៩០
៤.ឈ្មោះ ង្វៀង យីតាំ ភេទប្រុស ជនជាតិវៀតណាម ឆ្នាំកំណើត១៩៩៥។
ប្រតិបត្តិការនេះ កម្លាំងជំនាញចាប់យកគ្រឿងញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ១១៤៤ ក្រាម និងគ្រឿងញៀន នីមេតាហ្សេប៉ាម (Nemetazepham) ទម្ងន់ ២០៣២ ក្រាម។ សរុបរួមសារធាតុញៀនទម្ងន់ ៣១៧៦ ក្រាម (៣គីឡូ និង១៧៦ក្រាម)។ ជាមួយគ្នានេះ ក៏មានសារធាតុគីមីផ្សំទម្ងន់ ៨៤៥៨ ក្រាម (៨គីឡូ ៤៥៨ក្រាម) និងឧបករណ៍កែច្នៃមួយចំនួនធំផងដែរ។
បច្ចុប្បន្នជនល្មើសទាំង ៤នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវ ដើម្បីតាមរកមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត មកផ្តន្ទាទោសតាមច្បាប់។
សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀន ប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន ជាពិសេសនៅតាមក្លឹបកម្សាន្ត ដែលបង្កប់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ ពិសេសតាមក្លឹបកម្សាន្ត យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។
ជាការគត់សម្គាល់រយៈពេលចុងក្រោយ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងធំៗជាច្រើនករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក្ខ បម្រុងនាំចេញទៅក្រៅប្រទេស ក្នុងបរិមាណជាច្រើនគីឡូក្រាម ដោយបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ ៕