នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ស្ថិតនៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្តដំណើរអញ្ជើញចុះសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និង ពលទាហាន ដែលស្ថិតនៅក្នុងសាស្រ្តយោធភូមិភាគទី៥ ដែលបានប្រារព្ធធ្វើនៅទីបញ្ជាកងពលតូចថ្មើរជើងលេខ៥១ ក្នុងខេត្តបន្ទាយមានជ័យ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលសម្តេចធិបតី និង លោកជំទាវ តែងតែយកចិត្តទុកដាក់ចំពោះកងទ័ព និងគ្រួសារកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងសន្តិសុខជូនប្រជាពលរដ្ឋនៅទិសជួរមុខនៃមាតុភូមិ ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា សន្តិភាពដែលរកបានដោយលំបាកត្រូវរួមគ្នាការពារឱ្យបានគង់វង្ស។
ក្នុងឱកាសនោះ ឯកឧត្តម បានជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងនិង ពលទាហាន ដែលស្ថិតនៅក្នុងសាស្រ្ត យោធភូមិភាគទី៥ ទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរសូមឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន កម្លាំងខ្លាំងក្លា ប្រាជ្ញាវៀងវៃ ព្រមទាំងសម្រេចបាននូវជោគជ័យថ្មីៗថែមទៀតក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ៕