ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រំលឹកពីវិធានការគន្លឹះចំនួន៤ របស់សម្តេចធិបតី ដែលបានដាក់ចេញ ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា២០២៣-២០២៤ ក្រោមប្រធានបទ “ឧត្តមានុវត្តន៍នៃកំណែទម្រង់គ្រឹះស្ថានសិក្សា” ដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួង ស្ថាប័នមួយចំនួននៃរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុមប្រឹក្សារាជធានី ខេត្ត ឃុំ សង្កាត់ មន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សា វិស័យ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល សរុបប្រមាណ ២០០០នាក់។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី លើកឡើងថា “សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២២-២០២៣ និងទិសដៅសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤” គឺជាឱកាសដ៏ល្អក្នុងការពិនិត្យមើលឡើងវិញរួមគ្នាពីវឌ្ឍនភាពរបស់វិស័យអប់រំ យុវជន និងកីឡា ដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ និងជាឱកាសចាប់ផ្តើមដ៏ល្អមួយរបស់វិស័យអប់រំ យុវជន និងកីឡាក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា បានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពទី១ ឈានឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកពី វិធានការគន្លឹះចំនួន ៤ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនៅក្នុងកិច្ចប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រី នីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន៖ ទី១).ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២).ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន, និងទី៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុង ការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ»។ បន្ថែមពីលើនេះ ក្រសួងបានកំណត់អាទិភាពចំនួន៤បន្ថែមទៀតគឺ ទី៥).ការអប់រំឌីជីថល, ទី៦).ការបង្កើតមជ្ឈមណ្ឌល ឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា, ទី៧).ការកសាងប្រព័ន្ធនិងការអភិវឌ្ឍសមត្ថភាព, និងទី៨) ការអភិវឌ្ឍការអប់រំកាយ និងកីឡា។
មុនបញ្ចប់សន្ទរកថា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្នើលើកទឹកចិត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ធ្វើការពិភាក្សានិងផ្លាស់ប្ដូរយោបល់ ព្រមទាំងចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍ទៅវិញទៅមក ដើម្បីរិះរកវិធានការសម្រាប់ អនុវត្តនៅក្នុងឆ្នាំខាងមុខ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅឆ្លើយតបទៅនឹងសំណូមពរថ្មីៗនៃការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា សន្និបាតរយៈពេល៣ថ្ងៃនេះ នឹងប្រែក្លាយអាទិភាពការងារដូចបានរៀបរាប់ខាងលើទៅជាផែនការសកម្មភាពជាក់លាក់ និងកំណត់សូចនាករសមិទ្ធកម្មច្បាស់លាស់ សម្រាប់ការអនុវត្ត និងការពិនិត្យតាមដាន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕