រដ្ឋមន្ត្រីក្រសួងផែនការ៖ សុខទុក្ខរបស់មន្ត្រីរាជការ គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាលនិងសាកសួរសុខទុក្ខមន្ត្រីរាជការ ដែលផ្ទេរមកពីអង្គភាពថ្នាក់ក្រោមជាតិ។
មានមតិសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការសាកសួរសុខទុក្ខ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនរបស់មន្ត្រីរាជការគ្រប់រូបមានវត្តមានក្នុងកិច្ចប្រជុំ ដែលទទួលបានឱកាសមកមប្រើការងារនៅអង្គភាពថ្នាក់កណ្តាល។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍តម្រង់ទិស និងណែនាំឱ្យមន្ត្រីរាជការទាំងអស់ បន្តខិតខំបំពេញការងារក្នុងតួនាទីរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន សំដៅរួមចំណែកកសាងនិងលើកស្ទួយជីវភាពគ្រួសារ និងសង្គមជាតិ ព្រមទាំងការកសាងវឌ្ឍនភាពថ្មីៗជូនក្រសួងផែនការ។
ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ឱ្យមន្ត្រីរាជការក្នុងកិច្ចប្រជុំមានឱកាសសម្តែងនូវអំណរគុណដល់ថ្នាក់ដឹកនាំនៃក្រសួងផែនការ និងមានមតិផ្សេងៗដោយផ្ទាល់ គោរពជូនឯកឧត្តមរដ្ឋមន្ត្រីផងដែរ ៕