កម្ពុជាគាំទ្រការវិនិយោគ និងការពង្រីកកិច្ចសហការលើវិស័យការងាររវាងជប៉ុន-កម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីជួយគាំទ្រដល់អ្នកវិនិយោគិនជប៉ុនដែលចង់បោះទុនវិនិយោគនៅកម្ពុជា និងការពង្រីកកិច្ចសហការលើវិស័យការងាររវាងកម្ពុជា-ជប៉ុន។
នេះជាប្រសាសន៍ដែលឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុងអាសាគូឈិ(Asakuchi)នៃខេត្តអូកាយ៉ាម៉ារបស់ប្រទេសជប៉ុន ដែលដឹកនាំដោយលោកអភិបាលក្រុង យ៉ាស៊ូហិកុ គុរិយ៉ាម៉ា(Yasuhiko Kuriyama) និងអមដោយប្រធានសមាគមជប៉ុន-កម្ពុជា លោក ហ្វូមីអាគិ តាកាហាស៊ិ (Fumiaki Takahashi) និងសមាជិកសមាជិករបស់សមាគម។
ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង នាថ្ងៃព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចចំពោះការគាំទ្រដល់ភាគីជប៉ុនដែលមានបំណងចង់វិនិយោគនៅកម្ពុជាដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋនៅក្នុងស្រុកបន្ថែមទៀត។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះបំណងនៃការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារផងដែរ ខណៈដែលកម្ពុជាមានបទពិសោធន៍លើកិច្ចសហការនេះស្រាប់។
ត្រង់ចំណុចនេះ ភាគីជប៉ុន បានចាប់អារម្មណ៍ចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយក៏បានបង្ហាញពីវិសាលភាពនិងសក្តានុពលនៃផលិតផលក្នុងក្រុងអាសាគូឈិ(Asakuchi)ដែលល្បីល្បាញលើការផលិតស្រា និងមី ដែលផលិតដោយដៃ និងវិស័យនេសាទ(អយស្ទ័រ) និងការកែច្នៃផលិតផលប្រើប្រាស់ក្នុងអាហារដ្ឋានជាដើម។ សម្រាប់ភាគីជប៉ុន ក្រុមហ៊ុនរបស់ខ្លួនអចផ្ទេរបច្ចេកវិទ្យា ឬស្តង់ដានៃការផលិតដើម្បីអាចឱ្យពលរដ្ឋកម្ពុជាមានជំនាញនិងសមត្ថភាពខ្ពស់ផលិតបានផលិតផលដែលមានគុណភាពស្តង់ដាជប៉ុន។
ក្នុងការពិភាក្សាប្រកបដោយផ្លែផ្ការវាងភាគីទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រី មានក្តីរំពឹងខ្ពស់ថា អ្នកវិនិយោគិនជប៉ុន នឹងមកបោះទុនវិនិយោគនៅកម្ពុជា ដែលមានធនធានមនុស្សមានជំនាញ និងវត្ថុធាតុដើមដើម្បីអាចកែច្នៃ និងគាំទ្រដល់ការវិនិយោគរបស់ជប៉ុននៅកម្ពុជានាពេលខាងមុខឱ្យដំណើរការដោយរលូន។
ក្នុងនាមជាអតីតនិស្សិតដែលបានទៅរៀននៅប្រទេសជប៉ុនមួយរូប ឯកឧត្តមរដ្ឋមន្ត្រី ពិតជាចង់ឃើញអ្នកវិនិយោគិនជប៉ុនមកបោះទុនវិនិយោគនៅកម្ពុជាច្រើនបន្ថែមទៀត ដើម្បីបង្កើតឱកាសការងារឱ្យសម្បូរបែបសម្រាប់ពលរដ្ឋកម្ពុជា ក្នុងពេលដែលប្រទេសជាតិទាំងពីរបានបង្កើនកម្រិតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផងដែរ ៕