ប្រមុខរាជរដ្ឋាភិបាល អំពាវនាវឱ្យពលរដ្ឋចូលរួមគាំទ្រជួយទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ឱ្យបានច្រើន ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងស្មារតីជាតិនិយម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យឱ្យពលរដ្ឋ ចូលរួមគាំទ្រជួយទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងស្មារតីជាតិនិយម។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាដៃគូអភិវឌ្ឍន៍ជំរុញចលនា ភូមិមួយផលិតផលមួយ ដើម្បីជួយអភិវឌ្ឍផលិតផលខ្មែរផងដែរ។
ការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងតាមរយៈសារលិខិតអបអរសាទរ ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ផលិត និងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ផលិតផល១»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខ្ញុំសូមអំពាវនាវឱ្យពលរដ្ឋគ្រប់រូបចូលរួមគាំទ្រ និងលើកទឹកចិត្តប្រកបដោយភាពម៉ឺងម៉ាត់ ជួយទិញផលិតផលខ្មែរយកទៅប្រើប្រាស់ឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន សំដៅលើកកម្ពស់កិត្យានុភាពជាតិ និងស្មារតីជាតិនិយម។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្ដថា សូមឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក៏ដូចជាដៃគូអភិវឌ្ឍអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ផ្នែកឯកជន បន្តកិច្ចសហការជាមួយគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជួយអភិវឌ្ឍផលិតផលខ្មែរ ផលិតផលភូមិ១ផលិតផល១ ឱ្យកាន់តែមានភាពសម្បូរបែប និងមានសក្តានុពលពាណិជ្ជកម្មទាំងលើទីផ្សារជាតិ និងអន្តរជាតិ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ចលនាភូមិមួយផលិតផលមួយ ដែលមានចរិតជាការអភិវឌ្ឍសេដ្ឋកិច្ចចម្រុះ នៅមូលដ្ឋាន បានជួយជំរុញឱ្យការផលិតវត្ថុធាតុដើម ការដាំដុះ និងចិញ្ចឹមសត្វ ការកែច្នៃ មានលក្ខណៈល្អ ពិសេសរក្សាបរិស្ថានល្អ មានគុណភាពល្អ ថ្លៃសមរម្យ និងមានបរិមាណគ្រប់គ្រាន់ អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស សម្រេចបានសេដ្ឋកិច្ចមាត្រដ្ឋាន សំដៅធ្វើឱ្យកំណើនសេដ្ឋកិច្ចគ្រប់ក្រុមគ្រួសារ មានភាពរស់រវើក ប្រកបដោយចីរភាព។
ចលនានេះនៅតែមានតួនាទីសំខាន់ និងកាន់តែមានលក្ខណៈសមស្រប ក្នុងរបៀបវារៈគោលនយោបាយអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ព្រោះថា ទស្សនាទាននេះ កើតឡើងនៅកម្ពុជាតាំងពីយូរលង់ណាស់មកហើយ ដោយប្រជាជនខ្មែរជាប្រជាជាតិមួយ ធ្លាប់មានប្រពៃណី ចំណេះ ជំនាញ ក្នុងការប្រកបរបរកសិកម្ម ដាំដុះ ចិញ្ចឹមសត្វ ហើយកែច្នៃផលិតផលទាំងនោះបានយ៉ាងច្រើន តាមទីកន្លែងផ្សេងៗគ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា ក្នុងពេលបច្ចុប្បន្ន ចលនាភូមិមួយផលិតផលមួយ មានលក្ខណៈបើកទូលាយ ដោយបានដាក់ចេញជាគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ការជំរុញចលនាភូមិមួយផលិតផលមួយ។
ជាក់ស្ដែងចលនានេះ បានលើកទឹកចិត្តឱ្យផលិតករ ទាំងកសិករ សិប្បករ ឬឧស្សាហករ និងពាណិជ្ជករ ឬសេវាករ ជាជាងការ ប្រកួតប្រជែងគ្នាក្នុងស្រុក គឺត្រូវរួមគ្នាចងក្រងជាក្រុមផលិត ឬជាសមាគម ឬជាសហគមន៍ ហើយខិតខំធ្វើយ៉ាងណាប្រើប្រាស់សក្តានុពល ដែលមានតាមភូមិឋាន ឬអាចរកបាន ដើម្បីផលិតចេញនូវផលិតផលគ្រប់ដំណាក់កាល នៃខ្សែច្រវាក់ផលិតកម្ម ទាំងផលិតផលដែលឆ្លុះបញ្ចាំងពី លក្ខណៈវប្បធម៌ តាមបែបបុរាណនិងតាមបែបទំនើប ឱ្យមានលក្ខណៈកាន់តែល្អប្រសើរ កាន់តែពិសេស និងកាន់តែល្អផ្តាច់ បំពេញឱ្យគ្នាទៅវិញទៅមក ដែលមានឧត្តមប្រយោជន៍ប្រៀបធៀបខ្ពស់ ក្នុងការដណ្ដើមឈ្នះទីផ្សារទាំងក្នុងនិងក្រៅប្រទេស។
សម្ដេចធិបតីបានបញ្ជាក់ថា អ្វីដែលគួរឲ្យកត់សំគាល់ គឺថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការជំរុញចលនាភូមិមួយផលិតផលមួយ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនាំទៅដល់ការប្រែប្រួលជាវិជ្ជមាននៃផលិតផលខ្មែរ ដូចជាគុណភាព ស្តង់ដាអនាម័យ ការវេចខ្ចប់ ជាពិសេសការដាក់ ស្លាកសញ្ញាសម្គាល់លើផលិតផលជា «ផលិតផលភូមិ១ផលិតផល១» ដែលមានចំនួន៥៥៩ ត្រឹមឆ្នាំ២០២៣ នៅ
ទូទាំង២៥រាជធានីខេត្ត ៕