ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសគ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្ត សម្រាប់រៀបចំផ្សព្វផ្សាយច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសគ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្ត សម្រាប់រៀបចំផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅថ្នាក់ក្រោមជាតិ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត មានមតិស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គពិធីទាំងមូល ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលតម្រង់ទិសគ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត សម្រាប់រៀបចំផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលញាំងឱ្យ វគ្គបណ្ដុះបណ្ដាលថ្ងៃនេះមានភាពអធិកអធម ប្រកបដោយអត្ថន័យជ្រាលជ្រៅ និងការទទួលខុសត្រូវខ្ពស់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត បានលើកឡើងថាវគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ៗ ចំនួន ៣ គឺ៖ (១) ពង្រឹងសមត្ថភាព គ្រូបង្គោលថ្នាក់ជាតិ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (២) កសាងសមត្ថភាពគ្រូបង្គោលថ្នាក់រាជធានី ខេត្ត ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ស្របតាមការណែនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យបានចប់សព្វគ្រប់ក្នុងឆមាសទី២ ឆ្នាំ២០២៤នេះ និង (៣)ត្រៀមលក្ខណៈឱ្យបានល្អ ក្នុងការ អនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលបានកំណត់ក្នុងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានពាក់ពន្ធ័មួយចំនួនទៀត ឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមជម្រាបជូនថា ច្បាប់ស្ដីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានប្រកាសឱ្យប្រើប្រាស់ដោយព្រះរាជក្រមលេខ/០៧២៣/០០៩ ចុះថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៣ និងត្រូវចូលជាធរមាននៅរយៈពេល ១២ខែ ក្រោយប្រកាស ពោលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ដែលជាការបរិច្ឆេទអនុវត្តទូទៅ និងក្រោយការបរិច្ឆេទអនុវត្តទូទៅ បញ្ញត្តិមួយចំនួនត្រូវបានអនុវត្តចាប់ពីកាលបរិច្ឆេទដែលកំណត់ដោយអនុក្រឹត្យ៕