សម្តេចធិបតី៖ កម្ពុជាមានកិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះ ស្របពេលដែលយើងត្រូវ ដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រ និងចាប់យកកាលានុវត្តភាព ដែលកំពុងកើតមាន នៅក្នុងតំបន់របស់យើង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមានកិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះ ស្របពេលដែលយើងត្រូវ ដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រ និងចាប់យកកាលានុវត្តភាព ដែលកំពុងកើតមាន នៅក្នុងតំបន់របស់យើង។
សម្តេចធិបតី មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីគីត្រា។
កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា (Cambodia-ASEAN Business Summit) ឆ្នាំ២០២៤ ធ្វើឡើង ក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់ បច្ចេកវិទ្យា និងកំណើនប្រកបដោយ បរិយាប័ន្ន (Unleashing ASEAN’s Potential: Connectivity, Technology, and Inclusive Growth)»។
កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា មានគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំណុច ស្នូល និងលើកយកប្រធានបទសំខាន់ៗមកជជែកពិភាក្សារួមមាន៖ តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាពនិងថាមពលកកើតឡើងវិញរបស់អាស៊ាន, កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន និង ការប្រើប្រាស់ បច្ចេក វិទ្យាដើម្បីកំណើនប្រកបដោយបរិយាប័ន្ន។ មូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» គឺជារបៀបវារៈចំកាលៈទេសៈ និងមានមហិច្ឆតា។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដោយបានកត់សម្គាល់ឃើញថា សុន្ទរកថាគន្លឹះនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូល នឹងពិភាក្សាស៊ីជម្រៅ អំពីបញ្ហាសំខាន់ៗ ដែលមានការពាក់ព័ន្ធ ខ្ពស់នឹងតំបន់របស់យើង ប្រធានបទដែលត្រូវបានជ្រើសរើស ឆ្លុះបញ្ចាំងឱ្យឃើញពីការយល់ដឹងយ៉ាងជ្រាលជ្រៅ អំពីគោលការណ៍ណែនាំរបស់អាស៊ាន, ការអភិវឌ្ឍថ្មីៗ និង ទីតាំងជាយុទ្ធសាស្ត្ររបស់កម្ពុជា។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ការជួបជុំរបស់យើងនៅថ្ងៃនេះ មានសក្ដិនុពល ក្នុងការបង្កើតជាកាតាលីករ សម្រាប់ការបង្កើនកិច្ចសហការធុរកិច្ច និងពង្រឹងទំនាក់ ទំនងរវាងប្រជាជាតិអាស៊ាន និងដៃគូសកលរបស់យើង កិច្ចសហការបែបនេះ អាច បង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់វិបុលភាពរួម និងអនាគតសេដ្ឋកិច្ច ដែលមានភាពធន់ជាង មុន សម្រាប់គ្រប់តួអង្គពាក់ព័ន្ធ។ អាស៊ាន បានពង្រឹងជំហររបស់ខ្លួន ក្នុងនាមជាកម្លាំងសេដ្ឋកិច្ចមួយក្នុងសកលលោក ដែលមានកំណើនរឹងមាំ, កម្លាំងពលកម្មពេញដោយជវភាព និងកិច្ច ខិតខំប្រឹងប្រែងក្នុងការធ្វើសមាហរណកម្មជាលំដាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំ ជាងគេទីប្រាំនៅលើសកលលោក និងតែងបង្ហាញពីភាពធន់នៃសេដ្ឋកិច្ច នៅពេលប្រឈម នឹងភាពមិនប្រាកដប្រជាសកល ។ យោងតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន បូកបី (AMRO), សេដ្ឋកិច្ចអាស៊ាន ត្រូវបានព្យាករថានឹងមានកំណើន ៤,៣% ក្នុងឆ្នាំ ២០២៣ និង ៤,៩% ក្នុងឆ្នាំ ២០២៤ ដែលការណ៍នេះ គូសបញ្ជាក់ពីភាពខ្លាំង និងសមត្ថភាពសម្របខ្លួនរបស់តំបន់អាស៊ាន។ សេដ្ឋកិច្ចអាស៊ាន ប្រើប្រាស់គំរូនៃកំណើនសម្រាប់ទាំងអស់គ្នា និងមានសក្តានុពលខ្ពស់ ក្នុងការក្លាយទៅជាស្នូល នៃកំណើនសម្រាប់តំបន់អាស៊ានខ្លួនឯងផង និងតំបន់ផ្សេង ទៀតជុំវិញសកលលោកផង។ សេដ្ឋកិច្ចអាស៊ានមានភាពរឹងមាំ ដោយសារអន្តរកម្មប្រកប ដោយជវភាពនៃពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ដែលបំពេញបន្ថែមដោយកិច្ចសហការជាយុទ្ធសាស្ត្រជាមួយដៃគូសន្ទនា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ អាស៊ានជាមួយសេដ្ឋកិច្ចធំៗ ដូចជា៖ អូស្ត្រាលី, នូវែលហ្សេឡង់, ចិន, ជប៉ុន, ឥណ្ឌា និង កូរ៉េ បង្ហាញអំពីការតម្រង់ទិស ប្រកបដោយជោគជ័យរបស់អាស៊ាន នៅក្នុងទិដ្ឋភាពភាពជា ដៃគូសេដ្ឋកិច្ច។អត្ថន័យស្នូលរបស់អាស៊ាន គឺផ្តោតលើកិច្ចសហប្រតិបត្តិការ។ សមិទ្ធកម្មសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់យើង នៅទូទាំងតំបន់ កើតចេញពីការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន។ ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលសម្របសម្រួលដោយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយន ការអភិវឌ្ឍនាពេលបច្ចុប្បន្នរបស់អាស៊ាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វេទិកានានា ដូចជា កិច្ចប្រជុំ កំពូលធុរកិច្ច និងវិនិយោគអាស៊ាន នៅតែមានសារៈសំខាន់សម្រាប់ការជំរុញការវិនិយោគ ក្នុងតំបន់, បង្ហាញពីជវភាពនៃសេដ្ឋកិច្ចអាស៊ាន ទៅកាន់សហគមន៍សកលលោក។ និងគូស រំលេចពីភាពប្រទាក់ក្រឡារបស់អាស៊ាន នៅក្នុងសេដ្ឋកិច្ចសកល។ ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញរបស់អាស៊ាន, យើងត្រូវប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ដ៏ល្អ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, កម្លាំងពលកម្មជំនាញ និង ទីផ្សារប្រកបដោយជវភាព ដើម្បីប្រែក្លាយតំបន់អាស៊ាន ឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងការវិនិយោគ ដ៏គួរឱ្យទាក់ទាញ ដោយមានរដ្ឋជាសមាជិក ជាមូលដ្ឋានផលិតកម្ម ដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។