ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឈើតគៀត អត្ថាករ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តស្ទឹងត្រែង។
ជំនួបនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត, លោកនាយករដ្ឋបាលសាលាខេត្ត, លោកឧត្តមសេនីយន៍ទោស្នងការនគរបាលខេត្ត, លោកឧត្តមសេនីយន៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោកឧត្តមសេនីយន៍ត្រីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង, មន្ទីរអង្គភាពជុំវិញខេត្ត និងគណៈប្រតិភូស្ថានទូតនៃថៃ ជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈើតគៀត អត្ថាករ បានជម្រាបជូន ឯកឧត្តម ស្វាយ សំអ៊ាង ថាឯកឧត្តមនឹងដឹកនាំគណៈប្រតិភូមកពីស្ថានទូតនៃថៃប្រចាំទីក្រុងភ្នំពេញ ដែលរួមមានមន្ត្រីស្ថានទូត និងតំណាងវិស័យឯកជនថែមកបំពេញទស្សនកិច្ចនៅខេត្តស្ទឹងត្រែងចាប់ពីថ្ងៃទី២-៣ ខែមេសា ឆ្នាំ២០២៤។
គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះគឺ៖ (១).រៀបចំសកម្មភាព CSR រួមគ្នាជាមួយសហគមន៍ថៃ និងវិស័យឯកជនថៃនៅកម្ពុជា ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋានក្នុងខេត្តស្ទឹងត្រែង និង(២).ស្វែងរកឱកាសពាណិជ្ជកម្ម និងវិនិយោគក្នុងខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីថៃ និងវិស័យឯកជនលើការអភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលថ្មីៗនេះ និងឱកាសក្នុងការតភ្ជាប់ប្រទេសថៃ និងកម្ពុជាឱ្យកាន់តែជិតស្និត បន្ថែមទៀតលើផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងការតភ្ជាប់ក្នុងតំបន់។ សេចក្តីព្រាងកម្មវិធី និងបញ្ជីឈ្មោះ គណៈប្រតិភូថៃ ត្រូវបានភ្ជាប់មកជាមួយ។
លើសពីនេះ ឯកឧត្តម ឯកអគ្គរាជទូត បានស្នើសុំឯកឧត្តម ស្វាយ សំអ៊ាង មេត្តាជួយក្នុងកិច្ចការខាងក្រោម៖
១.ការសម្របសម្រួលសកម្មភាព CSR សម្រាប់គណៈប្រតិភូរបស់យើងខ្ញុំនៅសាលារៀន ឬមន្ទីរពេទ្យក្នុង មូលដ្ឋានដែលត្រូវការជំនួយ និងជំនួយសប្បុរសធម៌នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០-១២:០០។
២.រៀបចំដំណើរទស្សនកិច្ចទីតាំង និងផ្តល់ព័ត៌មានដោយធ្វើបទបង្ហាញអំពីទីតាំង សម្រាប់គណៈប្រតិភូរបស់ យើងខ្ញុំនៅទីតាំង១-២ នៃឧស្សាហកម្មផលិតកម្មកសិកម្ម ឬអាជីវកម្មកសិកម្មក្នុងមូលដ្ឋានដែលមានសក្តានុពល សម្រាប់គណៈប្រតិភូរបស់យើងខ្ញុំ ដើម្បីស្វែងយស់ពីឱកាស ពាណិជ្ជកម្ម និងការវិនិយោគ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ចន្លោះម៉ោង១៤:០០-១៦:០០។
៣.រៀបចំដំណើរទស្សនកិច្ចទីតាំង និងផ្តល់ព័ត៌មានដោយធ្វើបទបង្ហាញអំពីទីតាំង ដល់គណៈប្រតិភូ នៅ ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ចន្លោះម៉ោង ១៦:៣០-១៧:៣០។
៤.សម្របសម្រួលជាមួយប្រធានសភាពាណិជ្ជកម្មខេត្តស្ទឹងត្រែង ដើម្បីរៀបចំតំណាងធុរជនសំខាន់ៗ មួយ ក្រុម(១០-១៥នាក់) មកពីខេត្តស្ទឹងត្រែង ក្រចេះ និងរតនគិរី ចូលរួមពិធីជប់លៀង ដែលរៀបចំដោយស្ថានទូតនៅ សណ្ឋាគារអង្គរមាស នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ចន្លោះម៉ោង១៨:៣០-២០:០០ ដែលនឹងក្លាយជាឱកាស ដើម្បីជួបជាមួយសហគមន៍ធុរជនថៃ ដែលដឹកនាំដោយប្រធានក្រុមប្រឹក្សាធុរកិច្ចថៃនៅកម្ពុជា (TBCC)។
៥.សម្របសម្រួលជាមួយអាជ្ញាធរទេសចរណ៍ខេត្តស្ទឹងត្រែង ដើម្បីជួយសម្រួលដល់ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូរបស់យើងខ្ញុំទៅកាន់សហគមន៍អេកូទេសចរណ៍កោះហាន ដែលជាទិសដៅទេសចរណ៍ដ៏ល្បីល្បាញ បំផុតមួយ ដើម្បីស្វែងយល់ពីឧស្សាហកម្មទេសចរណ៍ក្នុងខេត្តស្ទឹងត្រែង នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ចន្លោះ ម៉ោង ៧:៣០-១០:៣០។
ឯកឧត្តមឯកអគ្គរាជទូត បានចាប់អារម្មណ៍ពីទឹកដីខេត្តស្ទឹងត្រែងថាជាទឹកដីដែលមានសក្ដានុពលផ្នែកទិន្នផលកសិកម្ម, ផ្នែកកសិឧស្សាហកម្ម, ទេសចរណ៍ និងផ្លូវតភ្ជាប់ជាមួយប្រទេសឡាវ ទៅកាន់ប្រទេសថៃ និងប្រទេសចិន។
ឯកឧត្តមឯកអគ្គរាជទូត ក៏បានសាកសួរអំពីព័ត៌មានមួយចំនួនពីឯកឧត្តមអភិបាលខេត្ត ទាក់ទងទៅនឹងគោលនយោបាយ និងយន្តការនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ទាក់ទងទៅនឹងស្វាយចន្ទី ទាក់ទងទៅនឹងការបង្កើត និងការផ្ដល់សេវាផ្នែកថាមពលអគ្គិសនីទៅដល់ប្រជាជន ក៏ដូចជាអ្នកផលិតក្នុងវិស័យកសិកម្ម ហើយក៏សួរទាក់ទងទៅនឹងយន្តការពាក់ព័ន្ធទៅនឹងការជំរុញវិស័យផ្នែកកែច្នៃកៅស៊ូហើយនឹងយន្តការក្នុងការជំរុញទំនាក់ទំនងនាំចេញឬទំនាក់ទំនងពាណិជ្ជកម្មមួយភាគីឡាវ ឆ្លងកាត់ព្រំដែន។ លើសពីនេះឯកឧត្តមទូត បានសាកសួរអំពីបញ្ហាប្រឈមនានារបស់ខេត្តស្ទឹងត្រែង ទាក់ទងទៅនឹងបញ្ហាគ្រឿងញៀន, ល្បែងអនឡាញ តើមានវិធានការ និងយន្តការក្នុងការដោះស្រាយយ៉ាងម៉េចជាដើម។
ជាការឆ្លើយតប ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា យើងមានវិធានការ និងនីតិវិធីដោះស្រាយ នៅក្នុងគណៈបញ្ជាការឯកភាពខេត្ត។ ទោះបីយ៉ាងណាក៏ដោយបញ្ហានៅតែមានបញ្ហាឆ្លងដែនខុសច្បាប់, ការជួញដូរគ្រឿងញៀនខុសច្បាប់ តែទាក់ទងរឿងល្បែងសងអនឡាញគឺមិនមានបញ្ហាចោទទេ យើងបានគ្រប់គ្រងបានល្អដោយមិនមានបាតុភាពអ្វីកើតឡើងទេ។
ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនគណៈប្រតិភូថៃ អំពីសក្ដានុពលសេដ្ឋកិច្ចដែលមាននៅក្នុងខេត្ត, ទាក់ទងទៅនឹងវិស័យទេសចរណ៍ វិស័យកសិកម្ម ទាក់ទងទៅនឹងសក្ដានុពលផ្នែកអាធនធានទឹកដែលមានទន្លេ៤ បានបម្រើទាំងធនធានទឹក, ស្រោចស្រព, ការប្រើប្រាស់ ទេសចរណ៍ និងនេសាទ ៕