ឯកឧត្តម វង សូត បង្ហាញសុទិដ្ឋិនិយមចំពោះយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដឹកនាំប្រទេសជាតិក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០
ភ្នំពេញ៖ មានប្រសាសន៍នៅក្នុងពិធីសម្ពោធឆ្លងសាលាកុដិ១ខ្នង អគារមត្តេយ្យសិក្សា១ខ្នង និងផ្ទះថ្ម១ខ្នង ជូនចាស់ជរាពិការក្រីក្រ ព្រមទាំងសមិទ្ធផលនានា នៅវត្តជោតិវ័ន្ត និងសាលាបឋមសិក្សាជាច ស្ថិតនៅក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានបង្ហាញអំពីសុទិដ្ឋិនិយមចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីនាំប្រទេសជាតិក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
ថ្លែងទៅកាន់ប្រជាពលរដ្ឋប្រមាណជាង ១០០០នាក់ ដែលបានចូលរួមក្នុងពិធីនេះ ឯកឧត្តម លើកឡើងថា រដ្ឋសភា និងរាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មីនេះ បានចាប់ផ្តើមការងាររបស់ខ្លួនដោយភាពស្វាហាប់ អស់រយៈពេលជាងកន្លះឆ្នាំមកហើយ ដោយមានការគាំទ្រពីពលរដ្ឋទូទាំងប្រទេស។ ផ្តើមចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យប្រកបដោយចីរភាព និងបរិយាប័ន្ន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម វង សូត បានថ្លែងអំណរគុណដល់ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្ត លោកគ្រូអ្នកគ្រូ សប្បុរសជន រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តមកពីទីជិតទីឆ្ងាយ បានរួមសាមគ្គីគ្នាកសាងសមិទ្ធិផលយ៉ាងច្រើន រួមមាន៖
- កុដិថ្ម០១ខ្នង មាន ១៤បន្ទប់ របងវត្ត ប្រវែង១៣៨ម៉ែត្រ ផ្លូវបេតុង និងបន្ទប់ទឹក ០១ខ្នង មាន ៣បន្ទប់ ចំណាយអស់ថវិកាចំនួន ៥០៧.៨២០.៥០០រៀល ក្នុងនោះ ថវិកា ឯកឧត្តម វង សូត និងលោកជំទាវ ២៦០.០០០.០០០រៀល។
- អគារមត្តេយ្យសិក្សា១ខ្នង មាន ៣បន្ទប់ ចំណាយអស់ថវិកាចំនួន ២៥២.០០០.០០០រៀល ដែលជាការឧបត្ថម្ភរបស់ ឯកឧត្តម ផ្ទាល់ និងលោកជំទាវ។
- ផ្ទះថ្ម១ខ្នង ជូនចាស់ជរាក្រីក្រពិការ ចំណាយអស់ថវិកាចំនួន ២០.០០០.០០០រៀល ដែលជាការឧបត្ថម្ភរបស់ ឯកឧត្តម ផ្ទាល់ និងលោកជំទាវ។
នៅក្នុងឱកាសនោះ ឯកឧត្តម វង សូត បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានចូលរួមក្នុងពិធីសម្ពោធនាពេលនេះ ដោយក្តីនឹករលឹក និងការគិតគូអំពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស។
ចុងក្រោយ ឯកឧត្តម អនុប្រធានទី២រដ្ឋសភា បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការថែក្សាសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់រៀបរយ ដើម្បីធានាបាននូវភាពសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។
ឯកឧត្តម វង សូត និងលោកជំទាវ បាននាំយកនូវសម្ភារៈ និងថវិកា ចែកជូនដល់ប្រជាពលរដ្ឋ ១០៤០នាក់ ក្នុងម្នាក់ៗ ថវិកា១ម៉ឺនរៀល យាយជី តាជី ៥០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ ថវិកា ១ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ១២០ នាក់ ក្នុងម្នាក់ៗ ថវិកា ២ម៉ឺនរៀល សិស្សានុសិស្ស ៥៣៦ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ក្បាល ប៊ិច២ដើម ថវិកា ៥ពាន់រៀល យុវជន ស.ស.យ.ក ២៦នាក់ ក្នុងម្នាក់ៗថវិកា ១ម៉ឺនរៀល កម្លាំងការពារ ៥០ម៉ឺនរៀល គ្រូពេទ្យស្ម័គ្រចិត្ត ចំនួន ៥០ម៉ឺនរៀល ជូនផ្ទះ១ខ្នង ថវិកា ១លានរៀល និងសម្ភារៈមួយចំនួនដល់អ៊ំ ចែម ជានៅ ជូនអ៊ំស្រី ញ៉ាវ យី ថវិកា ២០ម៉ឺនរៀល និងអ៊ំស្រី ចែម គឹម ថវិកា ២០ម៉ឺនរៀល ឧបត្ថម្ភថវិកា៨ឃុំ ក្នុង១ឃុំទទួលបាន ១លានរៀល ប្រគេនបច្ច័យដល់វត្តចំនួន៧ ក្នុង១វត្តបច្ច័យ ១លានរៀល និងឧបត្ថម្ភថវិកា៥លានរៀលដល់សាលាបឋមសិក្សាជាច សម្រាប់សាងសង់ប្រព័ន្ធទឹកស្អាត ៕