សម្ដេចធិបតីនាយករដ្ឋមន្ត្រីជំរុញឱ្យបន្តពង្រឹងការអប់រំពីថ្នាក់មត្តេយ្យដល់ថ្នាក់វិទ្យាល័យ
ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងការអប់រំពីថ្នាក់មត្តេយ្យដល់ថ្នាក់វិទ្យាល័យ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សឱ្យមានប្រសិទ្ធភាព។
ក្នុងឱកាសអញ្ជើញជាអធិបតី “ បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២២~២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤ ” ក្រោមប្រធានបទ “ ឧត្ដមានុវត្តន៍នៃកំណែទម្រង់គ្រឹះស្ថានសិក្សា ”នារសៀលថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០២ មេសា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ការពង្រឹងគុណភាពអប់រំពីថ្នាក់មូលដ្ឋានទៅជារឿងចាំបាច់បំផុត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា«មូលដ្ឋានគ្រឹះត្រូវតែពង្រឹង មត្តេយ្យដល់ថ្នាក់វិទ្យាល័យត្រូវតែពង្រឹង ប៉ុន្តែនៅក្នុងហ្នឹងក៏ត្រូវដឹងថា ពង្រឹងអ្វីមុនដែរ បើសិនយើងយកទាំងអស់ច្រើនពេក មិញខ្ញុំបូកទៅគ្រាន់តែសាលារដ្ឋ បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ ៩២២៦ ហើយ បើយើងដាក់យន្តការនេះចាប់ផ្ដើមសម្រាប់៩ពាន់សាលាតែម្ដងគឺពិបាក ហើយច្របូកច្របល់ អ៊ីចឹងយើងត្រូវបែងចែកយកអីមួយ នៅក្នុងមត្តេយ្យ បឋម អនុវិទ្យាល័យ និងវិទ្យាល័យតើ មួយណាដែលជាមូលដ្ឋានរឹងមាំ ហើយអនុវត្តន៍បានគឺបឋមសិក្សាហ្នឹងហើយថ្នាក់ទី១ដល់ទី៦ បើថ្នាក់ទី១ទី៦នេះរឹងមាំ ខ្ញុំគិតថា ឡើងដល់ទី៧ទី៨ ទី៩ក៏គាត់មានមូលដ្ឋាន ទី៩ ១០ ១១ ១២ ក៏គាត់មានមូលដ្ឋានគ្រាន់បើដែរ។ លោកគ្រូថ្នាក់អនុវិទ្យាល័យ ថ្នាក់វិទ្យាល័យស្រួលបង្រៀន បើគាត់មានមូលដ្ឋានរឹងមាំពីក្រោម»។
បើតាមសម្ដេចធិបតីនាយករដ្ឋមន្ត្រី កន្លងទៅក្រសួងអប់រំ យុវជន និងកីឡា បានពង្រឹងការអប់រំហើយ តែមិនទាន់ល្អឥតខ្ចោះទេ នេះហើយជាមូលដ្ឋានដែលយើងត្រូវពង្រឹង៕