សម្ដេចធិបតី៖ សាលាចំនួន ៥០ នឹងសាកល្បងការអប់រំគំរូថ្មីមួយទៀត ដោយបន្ថែមម៉ោងសិក្សា ២ម៉ោងទៀត ក្នុងមួយថ្ងៃ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា សាលាចំនួន ៥០ នឹងសាកល្បងការអប់រំគំរូថ្មីមួយទៀត ដោយបន្ថែមម៉ោងសិក្សាចំនួន ២ម៉ោងទៀត ក្នុងមួយថ្ងៃ។
នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំ២០២២-២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៣-២០២៤ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យរៀបចំសាលាគំរូ ចំនួន ៥០សាលា ដើម្បីដាក់ឱ្យដំណើរការសាកល្បងម៉ោងរៀនបន្ថែមដល់សិស្សានុសិស្ស ដើម្បីពង្រឹងគុណភាពការសិក្សា របស់សិស្សានុសិស្សឱ្យកាន់តែប្រសើរ ដូចសាលារៀនជំនាន់ថ្មី។
សម្ដេចធិបតី មានប្រសាសន៍ថា «ការបង្កើតសាលាជំនាន់ថ្មី ហើយសាលាគំរូ សាលាធម្មតា មិនមែនបានន័យទៅប្រកួតប្រជែង យកមួយទៅបំបាកមួយនោះទេ។ វិធីសាស្ដ្រមិនរុញម្ដង ១ម៉ឺនសាលានោះទេ តែយើងរុញម្ដង ៥០ ឬ ១០០សាលា ដោយសារធនធានយើងមានកំណត់ បើសិនយើងមានថវិកាគ្រប់ យើងបង្កើនសាលាទាំងអស់ ជាសាលាជំនាន់ថ្មីហើយ»។
សម្ដេចធិបតី បន្ថែមថា បច្ចុប្បន្នសាលាមួយចំនួន មានបញ្ហាប្រឈមការខ្វះគ្រូ និងខ្វះអាគារសាលា ហើយការបង្រៀនវិញ មួយថ្ងៃមានតែ ៣ម៉ោងគន្លះ។ ប៉ុន្ដែការអប់មនុស្ស មិនអាចរងចាំការធ្វើសាលាធ្វើហើយនោះទេ ដូច្នេះត្រូវទាមទារការច្នៃប្រឌិន ក្នុងការបង្រៀនសិស្ស។
សម្ដេចធិបតី ក៏បានចាត់ទុក ឪពុក-ម្ដាយ និងសិស្ស គឺជាតួអង្គដ៏សំខាន់ក្នុងការអប់រំ តាមរយៈការអប់រំនៅសាលា និងការអប់រំនៅផ្ទះ ដែលជាកត្តាសំខាន់ខ្លាំងណាស់ ដើម្បីជួយលុបបំបាត់ឥទ្ធិពលមិនល្អពីសង្គមខាងក្រៅ។ សម្ដេចថា អប់រំមានតែ៣ប៉ុណ្ណោះ គឺអប់រំនៅផ្ទះ នៅសាលារៀន និងនៅក្នុងសង្គម៕