ប្រមុខរាជរដ្ឋាភិបាល៖ ខ្ញុំចាំពាក្យមួយគេថា យឺតតែរលូន រលូនតែលឿន នេះហើយគឺយឺតតែលឿន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងណែនាំឱ្យមានការរៀបចំគោលនយោបាយឌីជីថល រវាងសាលារដ្ឋ សាលាឯកជន ដោយនាយកដ្ឋានមួយៗ ដែលទទួលការងារ សុំបែងចែកឱ្យដាច់ ហើយក្រសួងពាក់ព័ន្ធទាំងអស់ត្រូវរៀបជាគោលនយោបាយដើម្បីរួមគ្នាធ្វើជាស្តង់ដារតែមួយ ធ្វើដោយមានលំដាប់លំដោយ ហើយសុខចិត្តដើរយឺតតែរលូន។
នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការបង្រួមនិងការកំណត់ទិសដៅ និងការដាក់ឱ្យច្បាស់ក្នុងការបណ្តុះបណ្តាលឌីជីថលនេះ សុំឱ្យមានភាពប្រាកដប្រជា និងសុំរួមគ្នាដើម្បីធ្វើជាស្តង់ដារមួយ និងគោលនយោបាយ ហើយសុំឱ្យក្រសួងអប់រំ សហការជាមួយក្រសួងប្រៃសណីយ ដើម្បីធ្វើការសហការគ្នា កុំឱ្យក្រសួងពីរធ្វើការបណ្តុះបណ្តាលតែមួយតែស្តង់ដារខុសគ្នា សូមចេញគោលនយោបាយរួមពីដើមទីតែម្តង។ ការធ្វើកំណែរទម្រង់រដ្ឋ និងពង្រឹងនូវការបែកចែកភារកិច្ចឱ្យដាច់បែបនេះតែម្តង។
សម្តេចមហាបវរធិបតី បញ្ជាក់ថា «ការរៀបចំគោលនយោបាយឌីជីថល រវាងសាលារដ្ឋ សាលាឯកជន និងនាយកដ្ឋានមួយៗនៅក្នុងក្រសួងអប់រំ ដែលបានទទួលការងារនេះ សុំបែងចែកឱ្យដាច់តែម្តង ហើយការសហការកម្រិតណាជាមួយនឹងក្រសួងពាក់ព័ន្ធទាំងអស់ ត្រូវរៀបជាគោលនយោបាយដើម្បីយើងធ្វើ ហើយបើយើងដើរទៅហើយមានលំដាប់លំដោយស្រួលបួលនឹងហើយគឺដើរលឿន ខ្ញុំចាំពាក្យមួយគេថា យឺតតែរលូន រលូនតែលឿន នឹងគឺយឺតតែលឿន»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បើដើរលឿនពេកតែរដេករដុប គឺដើរមិនដល់ទីនោះទេ ហើយបើរវល់តែមានបញ្ហាទៀតនឹងមិនទៅដល់ទីតែម្តង តែបើរលូនឯកភាពគ្នាហើយ ទោះបីដើរយឺតបន្តិច តែទៅរលូនជាមួយគ្នានោះ គឺនឹងទៅដល់គោលដៅ ដូចគេថា «យឺតតែរលូន រលូនតែលឿន»។ ការឯកភាពគ្នានេះមិនមែនតែក្នុងប្រទេសយើងនោះទេ នៅក្រៅប្រទេសក៏ដូចគ្នាដែរ គឺពិបាកបំផុតឱ្យអន្តរស្ថាប័ន ឯកភាពគ្នាចេញជាគោលការណ៍រួមនេះ៕