រដ្ឋមន្ត្រីអប់រំ៖ សកម្មភាពចំនួន៣ ត្រូវបានដាក់ឲ្យអនុវត្ដដើម្បីពង្រឹងវិន័យ សីលធម៌ និងឥរិយាបថសិស្ស
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សកម្មភាពចំនួន៣ ត្រូវបានក្រសួងអប់រំដាក់ឲ្យអនុវត្ដនៅក្នុងសាលារៀន ដើម្បីពង្រឹងវិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់បែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុប ការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ការពង្រឹងវិន័យ សីលធម៌ និងឥរិយាបថសិស្ស៖ គោលដៅនៃការអប់រំ គឺការលើកកម្ពស់វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទារបស់សិស្ស ជាពិសេសការអភិវឌ្ឍផ្នែកស្មារតី រាងកាយ សុខភាព វិន័យ សីលធម៌ ចំណេះដឹង បំណិន និងឥរិយាបថល្អ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីពង្រឹងវិន័យ សីលធម៌ និងឥរិយាបថសិស្ស សាលារៀនត្រូវអនុវត្ដសកម្មភាព ចំនួន៣រួមមាន៖
១.ការអប់រំសិស្ស៖ បណ្តុះស្មារតីសិស្សឲ្យមករៀនទាន់ពេលវេលា ការបណ្ដុះទម្លាប់ល្អ ដល់កុមារ (ភាពស្អាតនៃរាងកាយ ការស្លៀកពាក់ របៀបហូបអាហារ ការប្រើប្រាស់សម្ភារៈសិក្សា ការចូលបន្ទប់ទឹក ការលាងសម្អាតដៃ របៀបសំពះ សុភាពរាបសា សេចក្តីក្លាហានក្នុងការ និយាយ និងទំនាក់ទំនង ជាដើម) ការយល់ដឹងពីសិល្បៈ តន្ត្រី វប្បធម៌ និងបរិស្ថានជុំវិញ។ រួមទាំងការធ្វើសមាធិ ដើម្បីយល់ហេតុផល ការអប់រំតាមបែបវិជ្ជមាន ការលើកទឹកចិត្តចំពោះ ឥរិយាបថល្អ និងមានសេចក្ដីក្លាហាន ក្នុងការទាក់ទងរវាងកុមារ និងកុមារ រវាងកុមារ និងរៀមច្បង ឬចាស់ព្រឹទ្ធាចារ្យ មាតាបិតា លោកគ្រូ អ្នកគ្រូ និងការបង្កើតកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីលើកកម្ពស់ការចូលរួមរបស់ព្រះសង្ឃ ក្នុងការលើកកម្ពស់សីលធម៌ និងចរិយាធម៌របស់សិស្ស។ នេះជាការបញ្ជាក់ របស់រដ្ឋមន្ដ្រីអប់រំ។
២.ការងារជាមួយគ្រូបង្រៀន ពង្រឹងសីលធម៌ និងឥរិយាបថរបស់គ្រូ ឲ្យទៅជាគំរូ ដល់សិស្ស ការអភិវឌ្ឍវិធីសាស្ត្របង្រៀន របៀបនៃការសិក្សារៀនសូត្ររបស់សិស្ស ការយល់ដឹង អំពីភាសាទំនាក់ទំនង បរិស្ថានសិក្សាទាំងក្នុងបរិវេណ និងបរិស្ថានជុំវិញសាលារៀន។
៣.បរិស្ថានសិក្សា បង្កើតបរិស្ថានសាលារៀនស្អាត ការលើកកម្ពស់អនាម័យ និងបរិស្ថានបៃតង ការអនុវត្តសកម្មភាពបន្ថែមទាំងក្នុងថ្នាក់ និងក្រៅថ្នាក់ ការអប់រំសុខភាពសិក្សា ដើម្បីបណ្តុះទម្លាប់ល្អ វិន័យ សីលធម៌ និងឥរិយាបថ។
សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ សាលារៀនចំណេះទូទៅ និងមត្តេយ្យសិក្សា មានចំនួន ១៩,៣៤១កន្លែង, អនុវិទ្យាល័យ ១,៣៤១ (ឯកជន ៩៩) និងវិទ្យាល័យ ៨៩៧ (ឯកជន ៣១៦) គ្រឹះស្ថានឧត្តមសិក្សាទូទាំង ប្រទេសមាន ១៦៩ កន្លែង ៕