សិស្សានុសិស្សចំនួន៩៦% បន្តរួមគ្នាកសាងវប្បធម៌ស្អាតជារៀងរាល់ថ្ងៃ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ប្រជាជនសរុបនៅទូទាំងប្រទេសជាង ៧លាននាក់ ក្នុងនោះសិស្សានុសិស្ស មានចំនួនកើនឡើងប្រមាណ ៣លាន ៤សែននាក់ ស្មើនឹងប្រមាណ៩៦% នៃចំនួនសិស្សសរុបទូទាំងប្រទេស បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ តាមទិន្នន័យចុងក្រោយរបស់ក្រសួងបរិស្ថាន បានបង្ហាញថា សាលារៀននៅទូទាំងប្រទេស បានអនុវត្តនិងចូលរួមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ស្ទើតែ ១០០ភាគរយ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ជាក់ស្តែងក្រសួងបរិស្ថាន បានសម្រេចនូវជោគជ័យ នៃភាពស្អាតនេះមួយជំហានរួចទៅហើយ ដោយសារមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានចំនួនជិត៣,៤ លាននាក់ នៅក្នុងយុទ្ធនាការ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ” និង ”យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា”។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានចាប់ផ្តើមពីសកម្មភាព និងការចូលរួមចេញពីបេះដូងរបស់សិស្សានុសិស្ស នាពេលនេះ គឺជាកត្តាសំខាន់បំផុត ក្នុងការគាំទ្រដល់អាទិភាព និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន របស់ក្រសួងបរិស្ថាន ដែលមានមុំ៣សំខាន់ គឺស្អាត បៃតង និងចីរភាព ជាពិសេសយុទ្ធសាស្រ្តមានគោលដៅសំខាន់ធ្វើឱ្យកម្ពុជា ដែលជាផ្ទះយើងទាំងអស់គ្នាស្អាត។
សូមបញ្ជាក់ថា យុទ្ធនាការក្រោមប្រធាន «ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ» នេះគឺជាជំហានទី១ ហើយជំហានទី២ គឺការសំអាតបរិស្ថាន និងមានជំហានទី៣ បន្តបន្ទាប់ទៀត ដែលគ្រោងនឹងដាក់ចេញឆាប់ៗខាងមុខបន្ថែមទៀត ក្នុងការជំរុញការលើកកម្ពស់បរិស្ថាន សោភ័ណភាពរបស់កម្ពុជាឱ្យស្រស់បំព្រង គ្មានការបំពុល និងឈានទៅការលប់បំបាត់សំរាម សំណល់ប្លាស្ទិក បន្តិចម្តងៗឱ្យអស់ពីកម្ពុជា ក្នុងពេលអនាគតដ៏ខ្លី។
សូមបញ្ជាក់ថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ មានសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ ប្រជាពលរដ្ឋ អាជីវករ ចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចំនួន ២១,៦៣៩នាក់បន្ថែមទៀត។ នេះបើតាមការឱ្យដឹងពីរបាយការណ៍កើនឡើងនៃចំនួនអ្នកចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលក្នុងនោះរួមមានសាលារៀន ចំនួន ៩៧សាលា តាមរយៈការចូលរួមពីលោកគ្រូអ្នកគ្រូ ចំនួន ៨០៥នាក់ សិស្សានុសិស្ស ចំនួន ២០,៦៨៤នាក់ មន្រ្តីរាជការ ចំនួន ៩០នាក់ និងប្រជាពលរដ្ឋ អាជីវករ ចំនួន ៦០នាក់ ក្នុងចំណោមរាជធានី-ខេត្ត ចំនួន៧ រួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តសៀមរាប និងខេត្តព្រះវិហារ៕