ព្រះមហាក្សត្រ៖ ឆ្នាំ២០២៣កន្លងទៅនេះ រដ្ឋសភានីតិកាលទី៧ បើកនីតិកាលថ្មី និងកំពុងបន្តការងារ របស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធទី៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំលើកដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា បានមានព្រះរាជបន្ទូលថា នាឆ្នាំ២០២៣កន្លងទៅនេះ រដ្ឋសភានីតិកាលទី៧ បានបើកនីតិកាលថ្មី និងកំពុងបន្តការងារ របស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមគ្នាជាមួយនឹងរាជរដ្ឋាភិបាលបន្តវេនថ្មី ដែលបាននឹង កំពុងដំណើរការក្នុងជំហានដ៏ស្វាហាប់ មានឆន្ទៈមោះមុតពិតប្រាកដ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើប្រទេសជាតិ និងប្រជារាស្ត្រ ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជបន្ទូលបន្តថា ខ្មែរ គឺជាប្រជាជាតិមួយដែលមានអរិយធម៌ដ៏ថ្លៃថ្លា ថ្កុំថ្កើងរុងរឿង ហើយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សរបស់យើងត្រូវបានអនុវត្តប្រកបដោយវិចារណញ្ញាណ ក្នុងស្មារតីបង្រួបបង្រួមផ្សះផ្សាជាតិ និងបម្រើនូវឧត្តមប្រយោជន៍ជាតិពិតប្រាកដ ។ ក្នុងន័យនេះ ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបានសម្រាប់ធានាដល់ដំណើរជីវិតជាប្រក្រតី និងការរីកចម្រើនជឿនលឿនរបស់ប្រទេសជាតិ គ្រប់ផ្នែក គ្រប់វិស័យ រួមទាំងការផ្តល់ឱកាសដល់ ការកែលម្អ ឬកែទម្រង់រចនាសម្ព័ន្ធ និងអភិបាលកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីជា ប្រយោជន៍ដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ប្រកបដោយភាពធន់រឹងមាំយូរអង្វែង ។
ក្នុងស្មារតីនេះ ព្រះករុណាព្រះមហាក្សត្រ សូមសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវសមាជិក សមាជិកាព្រឹទ្ធសភា ខិតខំបំពេញការងារ ប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌របស់ព្រឹទ្ធសភា គោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាផ្ទៃក្នុងឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងមានគណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការ សម្រេចនូវមុខងារភារកិច្ចរបស់ខ្លួន ដើម្បីផ្តល់ទំនុកចិត្ត និងភាពកក់ក្តៅដល់ប្រជារាស្ត្រយើង។
នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមប្រសិទ្ធពរ សូមព្រឹទ្ធសភានីតិកាលទី៥ ដំណើរការកាន់ តែល្អប្រសើរ មានតម្លាភាព និងគណនេយ្យភាពក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានស័ក្តិសម ប្រកបដោយភាពខ្ពង់ខ្ពស់ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងបេសកកម្មរបស់ខ្លួន ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជារាស្ត្រទាំងមូល៕