ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការខេត្តស្ទឹងត្រែង សាទរនឹងអនុសាសន៍ល្អៗរបស់ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ក្នុងជំនួបសំណះសំណាល និងសួរសុខទុក្ខមុនឱកាសចូលឆ្នាំថ្មី
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បន្តដំណើរបេសកកម្មក្នុងថ្ងៃទីពីរ ដោយបានអញ្ជើញដឹកនាំប្រតិភូក្រសួង ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្ទឹងត្រែង មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឈានចូលមកដល់ ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្ទឹងត្រែង បន្តខិតខំប្រឹងប្រែងបំពេញការងារ ដោយការយកចិត្តទុកដាកខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែម នៅក្នុងអាណត្តិទី៧។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកនូវ សម្ភារ-បរិក្ខារសុវត្ថិភាពប្រើប្រាស់នៅការដ្ឋាន មួកសុវត្ថិភាពចរាចរណ៍ ១០០មួក ស្ទីកគឺរចំណាំងផ្លាត ៥ ០០០សន្លឹក និងកៅស៊ូត្រជាក់ Cold Mix សម្រាប់ជួសជុលសំបុកមាន់ចំនួន ២០០បាវ ប្រគល់ជូនឱ្យមន្ទីរសម្រាប់ប្រើប្រាស់លើការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងបានឧបត្ថម្ភថវិកាជូនដល់ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ផងដែរ៕