បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ភ្នំពេញ៖ ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ។ ជនសង្ស័យ០១នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា៖ក្រោយពីទទួលបានព័ត៌មានពីសន្តិសុខ នៅវេលាម៉ោង០០និង៣០នាទីឈានចូលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡាយ ណុក ហៅ ឆ្នុក ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ននៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ១.៣៦៧គ្រាប់ ទម្ងន់ ១៣៨,៦ក្រាម, គ្រឿងញៀនប្រភេទក្រាមម្ស៉ៅពណ៌សថ្លា (ICE) ចំនួន ០២ថង់កិប ទម្ងន់ ៥,៦ក្រាម, គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់ពណ៌សថ្លា ចំនួន ០១ថង់កិប (កេតាមីន) ទម្ងន់ ៤៨,១ក្រាម, ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាកVIVO ពណ៌ទឹកសមុទ្រ), ខ្សែកលោហធាតុពណ៌លឿង មានបណ្តោង ចំនួន ០១ ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា៖ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន។ ហើយកន្លងក៏មកធ្លាប់ជាប់ពន្ធនាគារជាច្រើនលើកច្រើនសារ ពាក់ព័ន្ធករណីលួច ប្រើហិង្សា និងករណីជួញដូរគ្រឿងញៀនផងដែរ ៕