សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង រៀបចំប្រឡងគំនូរយុវជនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរខួបទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤
ភ្នំពេញ៖ ដើម្បីចូលរួមអបអរខួប ទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ នាពេលខាងមុខនេះ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានធ្វើពិធីប្រឡងគំនូរយុវជនកាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ «វិធីសាស្ត្រដើម្បីមានសុខភាពល្អ និងវិធីសាស្ត្របន្សាំទៅនឹងអាកាសធាតុ» ក្រោមអធិបតីភាព លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំងលោក សុខ ស៊ីដេត អនុមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោកនាយក នាយករង ទីប្រឹក្សា និងយុវជន ដែលបានជ្រើសរើសនៅតាមវិទ្យាល័យគោលដៅចំនួន ២៩ នាក់ស្រី ១៥ នាក់ មកពីវិទ្យាល័យ ហ៊ុនសែន ប្រសូតិ វិទ្យាល័យ ហ៊ុនសែន ចេក និងវិទ្យាល័យ ហ៊ុនសែន ស្វាយជ្រំ ដែលពិធីនេះប្រារព្វធ្វើនៅទីស្នាក់ការសាខា។
ដោយជំហានដំបូងក្រុមការងារសាខាបានចុះធ្វើការផ្សព្វផ្សាយអំពីគោលបំណងនៃការប្រឡង និងសកម្មភាពនានារបស់កាកបាទក្រហមកម្ពុជា ដល់យុវជននៅវិទ្យាល័យទាំង ៣ ខាងលើ បន្ទាប់មកសាលាបានធ្វើការប្រឡងជ្រើសរើសយកយុវជនដែលមានស្នាដៃល្អក្នុងការគូរគំនូរ ក្នុង ១ សាលា ១០ នាក់ មកចូលរួមប្រឡងនៅថ្នាក់ខេត្តនាពេលនេះ ។ ហើយគណៈកម្មការឱ្យពិន្ទុទៅលើ សោភ័ណ្ឌភាពនៃការគូរ ខ្លឹមសារ និងស្នាដៃក្នុងការគូរ និងដាក់ពិន្ទុជូនបេក្ខជនដែលបានចូលរួមប្រឡង ដោយភាពសុក្រិត្យ យុត្តិធម៌ មិនលំអៀង និងបានជ្រើសរើសគំនូរដែលជាប់ចំណាត់ថ្នាក់លេខ ១ ដល់ លេខ ៣ ដើម្បីផ្ញើគំនូរមកទីស្នាក់ការណ្តាលកាកបាទក្រហមកម្ពុជា។
ក្រោយពីដំណើការអស់រយៈពេល ១ ថ្ងៃរួចមក ជ័យលាភីលេខ ១ បានទៅលើសិស្សឈ្មោះ ម៉ៅ រតនា មកពីវិទ្យាល័យ ហ៊ុនសែន ចេក លេខ ២ សិស្សឈ្មោះ ម៉ៅ សុភត្ត្រា មកពីវិទ្យាល័យ ហ៊ុនសែន ប្រសូតិ និងលេខ ៣ សិស្សឈ្មោះ ថៃ មុន្នីឆៃយ៉ា មកពីវិទ្យាល័យ ហ៊ុនសែន ប្រសូតិ។
ក្នុងឱកាសនោះដែរលោកជំទាវ ពៅ សុភាព បានផ្តល់រង្វាន់សម្រាប់ សិស្សជ័យលាភីលេខ ១ ទទួលបាន ៖ កាបូបស្ពាយ ១ សម្ភារសិក្សាមួយចំនួន ថវិកា ១០ ម៉ឺន រៀល ជ័យលាភីលេខ ២ ទទួលបាន៖ កាបូបស្ពាយ សម្ភារសិក្សាមួយចំនួន ថវិកា ៨ ម៉ឺន រៀល ។ ជ័យលាភីលេខ ៣ ទទួលបាន៖កាបូបស្ពាយ ១ សម្ភារសិក្សាមួយចំនួន ថវិកា ៥ ម៉ឺន រៀលនិងរង្វាន់លួងចិត្តសិស្សមិនបានជាប់ចំណាត់ថ្នាក់ចំនួន ២៦ នាក់ ទទួលបាន៖ សម្ភារសិក្សាមួយចំនួន ថវិកា ២ ម៉ឺន រៀល ។សម្រាប់លោកនាយក លោកគ្រូ-អ្នកគ្រូដឹកនាំពេលប្រឡង ៦ នាក់ ក្នុងមួយនាក់ទទួលបានថវិកា ៣ ម៉ឺន រៀល៕