រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន រតនគិរី ឆ្នាំ២០២៤» រយៈពេល៤ថ្ងៃ
ភ្នំពេញ៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន រតនគិរី ឆ្នាំ២០២៤» ដែលនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រលិល្បៈខេត្ត ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តរតនគិរីបានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ សង្ក្រានរតនគិរីឆ្នាំ២០២៤នេះ គឺជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់ តាំងពីបុរាណកាលមកដែលប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបប្រារព្ធធ្វើឡើងក្នុងគោលបំណងអបអរសាទរទទួល ទេវតាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និងជាឱកាសដ៏ល្អសម្រាប់ប្រជាពលរដ្ឋទូទៅបានជួបជុំក្រុមគ្រួសារ និង ញាត្តមិត្តជិតឆ្ងាយ។
នៅក្នុងសេចក្ដីជូនដំណឹងបានបន្តថឆ ព្រឹត្តិការណ៍សង្ក្រាន រតនគិរី ឆ្នាំ២០២៤នេះ ក៏មានការប្រគុំតន្ត្រីសម័យ បុរាណ ការរាំ លេងកម្សាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល សម្ភារប្រើប្រាស់ក្នុងស្រុក ការបង្ហោះគោម និង ការលេង ល្បែងប្រជាប្រិយរបស់ជាតិដូចជា៖ ចោលឈូង បោះអង្គុញ ទាញព្រ័ត លាក់កន្សែង ដើម្បីបង្កបរិយាកាស សប្បាយរីករាយផងដែរ៕