រដ្ឋបាលខេត្តស្វាយរៀង នឹងរៀបចំកម្មវិធី «សង្ក្រាន្ត ស្វាយរៀង» នៅទីតាំងរង្វង់មូលវិមានឯករាជ្យ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា
ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថានាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋបាលខេត្តដោយមានការសហការគាំទ្រពីក្រុមហ៊ុន វិស័យឯកជន នឹងរៀបចំកម្មវិធី «សង្ក្រាន្ត ស្វាយរៀង» នៅទីតាំងរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង ដើម្បីបង្កើតភាពអ៊ូអរ និងបង្កបរិយាកាស សប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនា លេងកម្សាន្ត និងចូលរួមអបអរសាទរ ទទួលអំណរពរជ័យបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ។
កម្មវិធីនេះ នឹងរៀបចំចាប់ពីម៉ោង ១០៖០០នាទីព្រឹកតទៅ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា កម្មវិធីលេងល្បែងប្រជាប្រិយ ការដាក់តាំងបង្ហាញផលិតផលនានា កម្មវិធីប្រគំតន្ត្រីខ្នាតធំដោយមានការចូលរួមពីសិល្បករ សិល្បការិនី ល្បីៗនៅក្នុងប្រទេស និងការបាញ់ទឹក ការរាំលេងកម្សាន្ត រួមនឹងកម្មវិធីកម្សាន្តសប្បាយៗជាច្រើន ផ្សេងទៀត ។
ជាមួយគ្នានេះ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យបានកាន់តែមានភាព អធិកអធម នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្ត ក៏មានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅតាមទីតាំង សំខាន់ៗមួយចំនួនដូចជា រមណីយដ្ឋាន ទីប្រជុំជន និងវត្តអារាម សម្រាប់បងប្អូនប្រជាពលរដ្ឋ ចូលរួមលេងកម្សាន្តផងដែរ៕