ប្រតិបត្តិការបង្ក្រាបទីតាំង KTV ០២កន្លែងនៅក្រុងប៉ោយប៉ែត ដែលលួចប្រើគ្រឿងញៀន ខណៈឃាត់ខ្លួនមនុស្ស១៧២នាក់ និងដកហូតបានគ្រឿងញៀនមួយចំនួន
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលដោយឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្រ្កាបទីតាំងខារ៉ាអូខេ (KTV) ០២កន្លែង។
ទីតាំងទី១-យីហោ (B9) ដែលស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានការសម្របសម្រួលពីលោក សំរិទ្ធ សុខុនព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត
ឃាត់ខ្លួនជនសង្ស័យសរុបរួម បានចំនួន៤៨នាក់ ស្រី២០នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេសុី ចំនួន៥នាក់ បន្ទាប់កម្លាំងបានត្រួតពិនិត្យបន្ទប់ជាន់ខាងលើមាន៤បន្ទប់រកឃើញវត្ថុតាងរួមមាន៖ ម្សៅម៉ត់សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០២កូនថង់ និងថាសចំនួន០២, ថ្នាំកញ្ចប់រូបទំពាំងបាយជូរសង្ស័យជាសារធាតុញៀន ០១កញ្ចប់។
ហើយបន្តទៅជាន់ផ្ទាល់ដីនៅតុជិតកន្លែងគិតលុយរកឃើញមាន ថ្នាំកញ្ចប់ចំនួន៣កញ្ចប់ទៀតមានរូបទំពាំងបាយជូរ និងរូបសេះ, ម្សៅម៉ត់សថ្លាសង្ស័យជាសារធាតុញៀន១កូនថង់ទៀតនៅកន្លែងទូបាញ់ត្រី។
ទីតាំងទី២-បង្រ្កាប KTV យីហោឡាំបូគីនី នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សសរុប១២៤នាក់ ស្រី៥៧នាក់ បរទេស៦៣នាក់។
ដកហូតបានវត្ថុតាង រួមមាន៖ ថ្នាំកញ្ចប់រូបផ្លែត្របែក ១៣កញ្ចប់, រូបទំពាំងបាយជូរ ១៣កញ្ចប់, ថ្នាំកញ្ចប់ពណ៌ក្រហម ០២កញ្ចប់, ថ្នាំកញ្ចប់រូបពណ៌ទឹកមាស ០៣កញ្ចប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូក ២៣គ្រាប់, ថ្នាំគ្រាប់ពណ៌ខៀវ ១៩គ្រាប់, ម្សៅម៉ត់ស ៥ថង់តូច, បារីអេឡេត្រូនីច១២ និងឧបរកណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្ដតាមនីតិវិធី ៕