សម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភជាស្បៀងអាហារ និងថវិកា ដល់សាលាពលទាហានទី៤ យោធភូមិភាគទី៤
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ជុយ សីហា មេបញ្ជាការរង យោធភូមិភាគទី៤ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន អង្ករ គ្រឿងឧបភោគបរិភោគ និងថវិកាសម្រាប់ទ្រទ្រង់ការងារសាលា យោធាចារ្យ និងគ្រូគ្រប់គ្រង នៅសាលាពលទាហានទី៤ យោធភូមិភាគទី៤។
ការជួយឧបត្ថម្ភនេះជាការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជុំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់ខឿនអប់រំដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍ បណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិននៃកងយោធពលខេមរភូមិន្ទ។
ឧត្ដមសេនីយ៍ត្រី ឈឹង សារុន នាយកសាលាពលទាហានទី៤ យោធភូមិភាគទី៤ ព្រមទាំងយោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំង មេបញ្ជាការ យោធភូមិភាគទី៤ នាឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមឲ្យមានសុខភាពល្អ បវរសួស្តី ជ័យជំនះគ្រប់ភារកិច្ច និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕