គណៈប្រតិភូយោធាខេត្តគៀងយ៉ាង នៃកងទ័ពប្រជាជនវៀតណាម អញ្ជើញមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ឧត្ដមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ អញ្ជើញធ្វើបដិសណ្ឋារកិច្ច ទទួលគណៈប្រតិភូយោធាខេត្តគៀងយ៉ាងនៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោក វរសេនីយ៍ឯក ង្វៀន ថាន់អ៊ិន មេបញ្ជាការរង នាយសេនាធិការ ដែលបានអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ។
ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានមានប្រសាសន៍ថា៖ ថ្ងៃនេះ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ទាំងមូល មានកិត្តិយស និងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានគណ:ប្រតិភូ យោធាខេត្តគៀងយ៉ាង នៃកងទ័ពប្រជាជនវៀតណាម អញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ នាពេលនេះ។
តាងនាម ឱ្យនាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ទាំងមូល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគណៈប្រតិភូដែលបាន អញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលនេះ។
នៅក្នុងដំណើរទស្សនកិច្ច សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ របស់គណៈប្រតិភូនាពេលនេះដែរ គឺមានអត្ថន័យយ៉ាងធំធេង និងជាការសបញ្ជាក់ ឱ្យឃើញយ៉ាងច្បាស់ អំពីកិច្ចសហប្រតិបត្តិការល្អ ទំនាក់ទំនងល្អ និងពង្រឹងពង្រីកនូវចំណងសាមគ្គីភាព មិត្តភាពល្អ រវាងអង្គភាពទាំងពីរ កងទ័ពទាំងពីរ និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ៕