មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា ដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនៈកិច្ចសិក្សា នៅទីក្រុងម៉ែលប៊ន និងទីក្រុងស៊ីដនី ១សប្ដាហ៍
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូ ទៅទស្សនៈកិច្ចសិក្សា នៅទីក្រុងម៉ែលប៊ន និងទីក្រុងស៊ីដនី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ដែលមានការចូលរួមរបស់ លោកស្រី Ha Nguyen ប្រធានក្រុមដឹកនាំរបស់ធនាគារពិភពលោក(Task Team Leader of World Bank) លោកស្រី លី ណារ៉េត អ្នកគ្រប់គ្រងផ្នែកសុខភាព នៃធនាគារពិភពលោក ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងមន្រ្តីជំនាញពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ ចំនួន៤រូប តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផងដែរ ព្រមទាំងលោកស្រី Karen Johnson ទីប្រឹក្សា ធនាគារពិភពលោក (laboratory expert) និងជាអ្នកសម្របសម្រួលដំណើទស្សនកិច្ចនេះ។
ក្នុងរយៈពេលមួយអាទិត្យនៃទស្សនកិច្ចសិក្សា គណៈប្រតិភូ បានទៅសិក្សាស្វែងយល់នៅមន្ទីរពិសោធន៍ Doherty នៃសាកលវិទ្យាល័យម៉ែលប៊ន និងBernet នៃសាកលវិទ្យាល័យ Monarsh នៃទីក្រុងម៉ែលប៊ន ព្រមទាំងមន្ទីរពិសោធន៍នៃមន្ទីរពេទ្យ Westmead មន្ទីរពិសោធន៍ Centanery នៃសាកលវិទ្យាល័យ Western Sydney និងមន្ទីរពិសោធន៍ Kirby នែសាកលវិទ្យាល័យ New South Wale នៃទីក្រុងស៊ីដនី។
នៅតាមទីតាំងនីមួយៗ ដែលគណៈប្រតិភូបានទៅទស្សនកិច្ច យើងបានសិក្សាស្វែងយល់អំពីការរៀបចំបង្កើត ដំណើរការ ការគ្រប់គ្រង និងការថែទាំជួសជុលមន្ទីរពិសោធន៍កម្រឹត៣ (Biosafety Laboratory Level 3- BSL3) រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ច្បាប់ គោលនយោបាយ និងគោលការណ៍ណែនាំប្រតិបត្តិ និងធនធានមនុស្ស។ លើសពីនេះយើងបានស្វែងយល់ពីបញ្ហាប្រឈមដែលអាចកើតមានឡើង ដើម្បីយកមកអនុវត្តបង្កើតមន្ទីរពិសោធន៍កម្រឹត៣ ដែលក្រសួងសុខាភិបាលកំពុងរៀបចំនៅវិទ្យាស្ថានសុខភាពសាធារណៈ ដោយបច្ចុប្បន្ននេះ យើងមានមន្ទីរពិសោធន៍កម្រឹត២ កំពុងដំណើរការ។ ការពង្រីកសមត្ថភាពមន្ទីរពិសោធន៍ ពីកម្រឹត២ទៅកម្រឹត៣ សម្រាប់ត្រៀមឆ្លើយតបទប់ស្កាត់ការរាតត្បាតជាសាកលដែលអាចកើតឡើងជាយថាហេតុ នាពេលអនាគត និងដើម្បីសម្រេចឱ្យបានជ្រុងមួយ ស្តីពីការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងរស់រវើករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ជាលទ្ធផល គណៈប្រតិភូបានរៀនសូត្រដកស្រង់បទពិសោធន៍ពីការបង្កើតដំណើរការ និងគ្រប់គ្រងមន្ទីរពិសោធន៍កម្រិត៣ ដើម្បីអភិវឌ្ឍមន្ទីរពិសោធន៍កម្រិត៣នៅកម្ពុជា ដែលជាមន្ទីរពិសោធន៍ស្តង់ដារអន្តរជាតិ និងការទទួលស្កាល់ដោយអន្តរជាតិ ដើម្បីត្រៀមលក្ខណៈឆ្លើយតបបន្ទាន់ក្នុងករណីមានការរាតត្បាតជំងឺឆ្លងជាសកលដែលអាចកើតឡើងជាយថាហេតុនាពេលអនាគត ៕