ក្រុមការងារនាកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ សហការជាមួយមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់
ភ្នំពេញ៖ ក្រុមការងារនាកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ សហការជាមួយមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ ដូចមានចែងនៅក្នុងសារាចរលេខ ០១ សរ របស់រាជរដ្ឋាភិបាល ជូនដល់មន្រ្តីមន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុក ចំណុះខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងលោក ឌី រ៉ាដូ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក កែ វង្សវឌ្ឍនា អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។
ជាមួយការផ្សព្វផ្សាយសារាចរលេខ០១ ក្រុមការងារបានចុះមកធ្វើការតាមដានត្រួតពិនិត្យគុណភាពខ្យល់ នៅក្រុងប៉ោយប៉ែត ចាប់ពីថ្ងៃទី៣-៤ ខែមេសា ឆ្នាំ២០២៤ ដោយកំហាប់ភាគល្អិតនិចល PM2.5 មានកំហាប់ជាមធ្យមស្មើ 12.68 ug/g ក្នុងរយៈពេល២៤ម៉ោង។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ បានផ្សព្វផ្សាយបន្ថែម អំពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺភាពស្អាត បៃតង និងចីរភាព។
ជាមួយគ្នានេះ ឯកឧត្តម បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន ធ្វើការអប់រំ និងណែនាំដល់ប្រជាពលរដ្ឋ កុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម គល់ជញ្ជ្រាំង សំរាម សំណល់រឹង ប្លាស្ទិក និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហ ដែលជាហេតុបង្កឱ្យមានការកើនឡើងការបំពុលបរិយាកាស៕