ឯកឧត្តម សុះ មុះសិន ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពកំឡុងពេលបួសតមអាហារ ហូបចុកឱ្យបានត្រឹមត្រូវ ពិសេសព្យាយាមផឹកទឹកឱ្យបានគ្រប់គ្រាន់ ស្របពេលអាកាសធាតុកើនឡើងកម្ដៅ
ភ្នំពេញ៖ ឯកឧត្តមវេជ្ជ. សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល សមាជិកគណៈម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងនាំយកគ្រឿងឧបភោគបរិភោគ សម្រាប់ខែរ៉ាម៉ាឌនចែកជូនដល់ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសារងាយរងគ្រោះនៅក្នុងស្រុកមុខកំពូល ស្រុកពញាឮ និងស្រុកស្អាង ខេត្តកណ្តាល សរុប ៤៧០គ្រួសារ ។
ពិធីនេះក៏មានការចូលរួមអមដំណើរពីសំណាក់ ឯកឧត្តមវេជ្ជ. សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម សាន់ ស្នាវី អនុរដ្ឋលេខាធិការក្រសួងផែនការ លោកអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក អាជ្ញាធរមូលដ្ឋាន ក្រុមការងារយុវជន ហាកឹម និងគ្រូបង្រៀន។ ពិធីនេះប្រារព្ធធ្វើនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ។
ឯកឧត្តមបានលើកឡើងនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពិសេសសមិទ្ធផល និងស្នាដៃដ៏ធំធេងជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះជាតិ កសាង ស្ដារ និងអភិវឌ្ឍប្រទេសមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។
ឯកឧត្តមក៏ជម្រាបជូនប្រជាពលរដ្ឋថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលជាកម្លាំងយុវជនបន្តវេនប្រកបដោយសក្ដានុពលខ្លាំងក្លា មានចំណេះដឹងជ្រៅជ្រះ បាននឹងកំពុងបន្តអភិវឌ្ឍប្រទេស ជាពិសេសការធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីសង្គមជាតិមានការរីកចម្រើនប្រកបដោយចីរភាព។
ឯកឧត្តមក៏បានមានប្រសាន៍ណែនាំជូនអុំ ពូមីង មា បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពកំឡុងពេលបួសតមអាហារ ហូបចុកឱ្យបានត្រឹមត្រូវ ពិសេសព្យាយាមផឹកទឹកឱ្យបានគ្រប់គ្រាន់ ស្របពេលបម្រែបម្រួលអាកាសធាតុ ការកើនឡើងនៃកម្ដៅព្រះអាទិត្យ ធ្វើជីវិតមនុស្ស សត្វ រុក្ខជាតិ ពិបាកសម្របតាម អាចធ្វើឱ្យប្រព័ន្ធសរីរាង្គរបស់យើងចុះខ្សោយខ្លាំង។
សូមបញ្ជាក់ថា អំណោយចែកជូនក្នុង០១គ្រួសារៗ ទទួលបាន អង្ករ១៥គីឡូក្រាម ទឹកដោះគោ២កំបុង ស្ករស ២គីឡូក្រាម អំបិល១គីឡូក្រាម និងម្សៅមីឡូ២ដប៕