លោកជំទាវ ករុណាសិរីសុវឌ្ឍិនី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ លុយ គន្ធី ត្រូវជាម្តាយបង្កើត ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា
ដោយសទ្ធាជ្រះថ្លា លោកជំទាវ ករុណាសិរីសុវឌ្ឍិនី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ លុយ គន្ធី ត្រូវជាម្តាយបង្កើត ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញរៀបចំពិធីរាប់បាត្រ ប្រគេនចង្ហាន់ និងបវរណាបច្ច័យ៤ព្រះមន្រ្តីសង្ឃ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ។
ក្នុងតិថីនោះលោកជំទាវ លុយ គន្ធី និង ឯកឧត្តម ចាយ បូរិន និងថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា បានរៀបចំនូវពិធីទៅតាមបវេណីព្រះពុទ្ធសាសនា រាប់បាត្រ ប្រគេនចង្ហាន់ និងបវរណាបច្ច័យ៤ព្រះមន្រ្តីសង្ឃ ដើម្បីឧទ្ទិសមហាកុសលថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងមួយផ្នែកទៀតឧទ្ទិសបុណ្យកុសលជូនចំពោះ ឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអុីដែលត្រូវជាស្វាមីនិងជាឪពុកបង្កើតរបស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ក្នុងឱកាសនៃការខិតជិតមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ហើយសូមឧទ្ទិសមហាកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអុីបានទៅកាន់ឋានសុគតិភពកុំបីឃ្លាងឃ្លាតឡើយ ។
ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ បានសមាទានសីល ឧទ្ទិសឆ្លងមហាបុណ្យកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអុីដែលលោកជំទាវ លុយ គន្ធី និង ឯកឧត្តម ចាយ បូរិន បាននាំសទ្ធាជ្រះថ្លាពិធីរាប់បាត្រ ប្រគេនចង្ហាន់ និងបច្ច័យ នាឱកាសនេះ និងសូមប្រសិទ្ធពរជ័យជូនចំពោះលោកជំទាវ លុយ គន្ធី និង ឯកឧត្តម ចាយ បូរិនព្រមទាំងថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា សូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការ កុំបីអាក់ខានឡើយ។
សូមជម្រាបជូនថា ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គយាងចូលទិវង្គត កាលពីថ្ងៃចន្ទ ២រោច ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង ៥ និង៤០នាទីល្ងាច ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅក្នុងវត្តឧណ្ណាលោម ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយបានតំកល់ប្រារព្ធព្រះរាជពិធីបង្សុកូលឧទ្ទិសថ្វាយមហាព្រះរាជកុសលថ្វាយ ព្រះវិញ្ញាណក្ខន្ធព្រះសព តាមបែបប្រពៃណី ព្រះពុទ្ធសាសនា ចាប់ពីថ្ងៃទី៥ ខែមីនា ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ និងប្រារព្ធព្រះរាជពិធីមហាសង្ឃទានថ្វាយ ព្រះវិញ្ញាណក្ខន្ធព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤។ លុះដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ព្រះគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំនូវពិធីដង្ហែព្រះបរមសពឆ្ពោះទៅកាន់ព្រះមេរុ មុខវត្តបទុមវតីរាជវរារាម ដើម្បីប្រារព្ធនូវពិធីថ្វាយព្រះភ្លើង៕