ឯកឧត្តម ហេង រតនា ជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំ និងកម្លាំងប្រតិបត្តិការជួរមុខ មកពីកងឯកភាពកំចាត់មីនទី៤ ទី៥ និងទី៦
ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយថ្នាក់ដឹកនាំ មន្រ្តី និងកម្លាំងប្រតិបត្តិការជួរមុខ មកពីកងឯកភាពកំចាត់មីនទី៤ ទី៥ និងទី៦ នៃទិសខេត្តសៀមរាប ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ និងកំពង់ចាម ប្រមាណជិត៣០០នាក់។
ឯកឧត្តមប្រតិភូ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងការលះបង់ដ៏ធំធេងអស់ពីកម្លាំងកាយ និងប្រាជ្ញាស្មារតី ក្នុងការបំពេញភារកិច្ចបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមផ្ដល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដ៏កម្សត់ ជាពិសេសដើម្បីចូលរួមចំណែកនាំមកនូវវឌ្ឍនភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនរុងរឿង។
ឆ្លៀតក្នុងឱកាសនៃពិធីសំណេះសំណាលនេះផងដែរ ឯកឧត្តម ហេង រតនា ក៏បាននាំយកអំណោយមួយចំនួនដើម្បីចូលរួមអបអរការប្រារព្ធពិធីជួបជុំមុនចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកខាងមុខនេះ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ឯកឧត្តម ហេង រតនា ក៏បានបួងសួងដល់ទេវតាឆ្នាំថ្មី ជួយប្រោះព្រំសព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរជូន អស់លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំ និងកម្លាំងប្រតិបត្តិការ ទាំងអស់ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងជួបប្រទះនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕