ក្រសួងបរិស្ថាន បណ្តុះកូនឈើចំនួនជាង១លានដើម រហូតមកដល់ថ្ងៃនេះ នៅតាមថ្នាល់បណ្តុះកូនឈើ នៃមន្ទីរបរិស្ថានរាជធានី-ខេត្តនានា
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានបណ្តុះកូនឈើចំនួនជាង១លានដើម រហូតមកដល់ថ្ងៃនេះ នៅតាមថ្នាល់បណ្តុះកូនឈើ នៃមន្ទីរបរិស្ថាន រាជធានី ខេត្តនានា និង១ផ្នែក ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន សម្រាប់យុទ្ធនាការដាំដើមឈើយ៉ាងតិច១លានដើម ជារៀងរាល់ឆ្នាំ ចាប់ពីរដូវវស្សាឆ្នាំ២០២៤ នេះតទៅ។
ជាក់ស្តែង គិតរហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានបណ្តុះកូនឈើសរុបចំនួន ៦៤២,៣១០ដើម និងការចែកជូនកូនឈើ ជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋ យកទៅដាំតាមផ្ទះ សាលារៀន វត្តអារាម សហគមន៍ បានចំនួន ២០៥,៥២៨ដើម។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ជូនអំណោយកូនត្នោតចំនួន ជាង៣០ម៉ឺនដើម ក្នុងយុទ្ធនាការនេះផងដែរ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា យុទ្ធសាស្រ្តភាពបៃតងរបស់កម្ពុជា រៀបចំឡើងស្របតាមយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញអនុលោមតាមយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាវបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានឆ្ពោះទៅ សម្រេចទស្សនវិស័យ បង្កើនគម្របព្រៃចំនួន ៦០% នាឆ្នាំ២០៥០ ៕