អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាលជាមួយ សមណៈនិស្សិត នៃសកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបូរគ្រី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ សមណៈនិស្សិត នៃសកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបូរគ្រី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ ស្ថិតក្នុងភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគេនជូនព្រះសង្ឃ និងសមណៈនិស្សិតទាំងអស់ ប្រកបដោយសទ្ធាគោរពបូជា និងមនោសញ្ចេតស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា សមណៈនិស្សិតដែលកំពុងសិក្សាពេលនេះ គឺជាអនាគតនៃមូលធនមនុស្សរបស់ប្រទេសកម្ពុជាប្រកបដោយសមត្ថភាពពិតប្រាកដ ដែលអាចបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ទៅតាមជំនាញរបស់ខ្លួន និងបន្តខិតខំសិក្សារៀនសូត្រឱ្យមានចំណេះដឹង និងជំនាញច្បាស់លាស់ ជាពិសេសនៅក្នុងបរិបទសាកលភាវូបនីយកម្ម ដែលកំពុងមានតម្រូវការធនធានមនុស្សប្រកបដោយគុណភាព ដើម្បីសង្គមជាតិ ពុទ្ធសាសនា និងការអភិវឌ្ឍ ៕